ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់ នៅ​ចំណុច​៣​ទីតាំង​ផ្សេងគ្នា ពាក់ព័ន្ធ​ករណី​លួច​ដែក គាស់​តូប និង​លួច​ម៉ូតូ

591
ចែករម្លែក

​ដោយ : ​ចាន់តូ​/ភ្នំពេញ ​៖ នគរបាល​ខណ្ឌដង្កោ បានធ្វើការ​ស្រាវជ្រាវ និង​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​៣​ផ្សេងគ្នា​រួមមាន ករណី​លួច​ដែកថ្នាំងអំពៅ ​គាស់​ទ្វារ​តូប​លក់​គ្រឿងអគ្គិសនី​យក​ម៉ូតូ និង​ករណី​លួច​ម៉ូតូ កាលពី​រសៀល​ថ្ងៃទី​៤ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​

-​ករណី​ទី​១ លួច​យក​ដែកថ្នាំងអំពៅ កើតឡើង​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩​និង​៣០​នាទី​យប់ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ ពាង ជា​វ័​ន្ដ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងក្រឡឹង ស្ថិតនៅ​ភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្នុងនោះ​នគរបាល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ទី​១​ឈ្មោះ គីម ពន្លឺ ហៅ​ហេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ , ទី​២​ឈ្មោះ ធឿន ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​, ទី​៣​ឈ្មោះ សំ មិនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​រកា​កុះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំងនេះ បាន​លួច​ដែកថ្នាំងអំពៅ អស់​ចំនួន​២៧​ដើម សរុប​ទឹកប្រាក់​ចំនួន​១០៨០​ដុល្លារ​អា​មេ​រិច (​មួយ​ពាន់​ប៉ែតសិប​ដុល្លារ​អា​មេ​រិច​) ហើយ​ពួកគេ​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ដែកថ្នាំងអំពៅ​ខាងលើ​របស់​ជនរងគ្រោះ​ទៅ​លក់​នៅ​ឃ្លាំង​អេតចាយ ផ្លូវ​៣០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​លុយ​ចំនួន ៨០០០០ រៀល​(​ប្រាំបី​ម៉ឺន​រៀល​) ហើយ​នាំគ្នា​យកទៅ​ផឹកស៊ី​អស់ ហើយ​កន្លងមក​ពួកគេ​(​ជនសង្ស័យ​) ក៏​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​យក​ទ្រព្យសម្បត្ដិ​របស់​ប្រជាពលរដ្ឋ​ញឹកញាប់​ថែមទៀត ។​

-​ករណី​ទី​២ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​ការ​គាស់​ទម្លុះទម្លាយ (​គាស់​ទ្វារ​តូប​ជួសជុល​និង​លក់​គ្រឿងអគ្គិសនី​យក​ម៉ូតូ​) កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២ និង ៣០​នាទី ត្រង់ចំណុច​តូប​ជួសជុល​និង​លក់​គ្រឿងអគ្គិសនី ផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ វ៉ាន់​ឈី សុធា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​នគរបាល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ទី​១​ឈ្មោះ ឈុន រ៉ាវី ហៅ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ , ទី​២​ឈ្មោះ មាស វុត្ថា ហៅ ទ្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ , ទី​០៣​ឈ្មោះ សាន ពិសី ហៅ ឆី​ង អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៤ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​ស្រះ​ទឹក​ក្នុង​វត្ត​សំបួរ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាពថា ពួកគេ​(​ជនសង្ស័យ​) ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​សោរ​ទ្វារ​តូប​យក​ម៉ូតូ​ម៉ាក​ស្កូ​ពី ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FX-8951 ខាងលើ ជិះ​ឌុប​គ្នា​ទាំង​៣​នាក់​យកទៅលក់ ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ ស្ថិតនៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បាន​លុយ​ចំនួន​២០០ ដុល្លារ (​ពីរ​រយ​ដុល្លារ អា​មេ​រិច​) នាំគ្នា​ផឹកស៊ី និង ទិញ​ថ្នាំញៀន​ជក់​អស់​តែម្តង ។

-​ករណី​ទី​៣ លួច​យក​ម៉ូតូ​ម៉ាក​MSX ពណ៌​ស​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DD-5730 កាលពី​ថ្ងៃទី​២ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ ត្រង់ចំណុច​ផ្ទះជួល ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ឈ្មោះ ហ៊ុយ ហួ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ឃាត់​ជនសង្ស័យ​២​នាក់ ទី​១​ឈ្មោះ កើត ម៉ា​គ្រ​ឌី ហៅ ទូច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ , ទី​២​ឈ្មោះ អាន សុធា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ កាលពី​ថ្ងៃទី​០៤ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ ត្រង់ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ចាត់ការ​តាម​នីតិវិធី​៕​B/