ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ភ្ញៀវ​ជនជាតិ​បារាំង

395
ចែករម្លែក

-​ជនសង្ស័យ​ទាំង​២​នាក់​គឺជា​ជនដៃដល់​ដែល​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ពី​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ឃុំ​ក​ណ្តែ​ក​

ដោយ:​គូលែន​/​សៀមរាប ៖ ជនសង្ស័យ​ចំនួន​២​នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​ស្កុប​ពី ពណ៌​ស ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ដែល​កំពុង​ដើរ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ស្ថិតនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ។​ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​រួចហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់ តែ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​និង​កម្លាំង​ល្បាត​ប្រដេញ​និង​ស្ទាក់​ចាប់បាន​នៅ​ចំណុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ។​

ករណី​ឆក់​កាបូប​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៩​កន្លងទៅនេះ ស្ថិតនៅ​ចំណុច​ម្តុំ​ផ្សា​ដី​ហុយ ក្នុងភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​មាន​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ MULRIEL SERRADELL ភេទ​ស្រី អាយុ​៦២​ឆ្នាំ កំពុង​ដើរ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ស្រាប់តែ​ត្រូវបាន​ជនសង្ស័យ​ចំនួន​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស បិត​ស្កុ​ត​ពណ៌​ទឹកមាស សេរី​ឆ្នាំ​២០១១៨ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ភ្ញៀវ​ជនជាតិ​បារាំង រួច​ក៏​បើក​ម៉ូតូ​រត់គេច​ទៅ​ទិស​ខាងជើង​។​

សមត្ថកិច្ច​បាន​បន្តថា ក្រោយពី​កើតហេតុ​ដោយមាន​ការចូល​រួមសហកា​រ​ពី​កម្លាំង​ល្បាត​ពួនស្ទាក់ និង​កម្លាំង​ឈរ​យាម​នៅតាម​ដងផ្លូវ បានធ្វើការ​ដេញតាម​និង​ស្ទាក់​ចាប់បាន​ជនសង្ស័យ​ទាំង​២​នៅ​ចំនុច​មុខ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​តូ​តា​ល់ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប រួច​យកទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​សាកសួរ​ចម្លើយ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​គឺមាន​ឈ្មោះ យ៉េ​ប អា​រ៉ូ ហ្វី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប និង​ម្នាក់ទៀត​ឈ្មោះ សារិន វណ្ណា​រ៉ាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

សម្ភារៈ​ដែល​ដកហូត​ពី​ជនសង្ស័យ​ក្នុងករណី​ឆក់​រួមមាន ទូរស័ព្ទដៃ​ម៉ាក​សាំ​ស៊ុ​ង​មួយគ្រឿង​,​លិខិតឆ្លងដែន​ចំនួន​១, វី​សា​កាត​១, ប្រាក់​អឺរ៉ូ​ចំនួន​៣០៥​អឺរ៉ូ​, ប្រាក់​កូរ៉េ​ចំនួន​១០០០​វ៉ុ​ន​, ប្រាក់​ដុល្លារ​ចំនួន​៤០​ដុល្លារ និង​សម្ភារៈ​មួយចំនួនទៀត​។​ចំណែក​វត្ថុតាង​ដែល​ដកហូត​ពី​ជនសង្ស័យ រួម​នឹង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ទៀតថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង​២​ខាងលើ​គឺ​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ករណី​លួច​កាបូប​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​ពិតប្រាកដ​មែន និង​ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។​

​សូម​រំលឹកថា ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​ក្រុមចោរប្លន់ ប្លន់​យក​ម៉ូតូ​បានសម្រេច​។​ករណី​ប្លន់​នេះ កើតឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

ស្ត្រី​រងគ្រោះ​មានឈ្មោះ សាន់ ស៊ុន​ធា​រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​ករណី​ប្លន់​នេះ​កើតឡើង​ខណៈពេលដែល​ស្ត្រី​មាន​ផ្ទៃពោះ បាន​បើក​ម៉ូតូ​ដោយ​ខ្លួនឯង​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ត្រូវបាន​ចោរប្លន់​តែម្តង​។​

ប្រភពពី​ស្ត្រី​រងគ្រោះ បាន​និយាយថា គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី ពណ៌​ស ជិះ​មកដល់​កន្លែងកើតហេតុ ក៏មាន​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​២​នាក់ ដោយ​ជិះ​មក​ស្ទាក់​ពីមុខ​ហើយ​ម្នា​ក់បាន​ចុះ​ច្រាន​គាត់​ទំលាក់​ពី​ម៉ូតូ ហើយក៏​យក​ម៉ូតូ​របស់គាត់​ជិះ​ចេញទៅ​បាត់ទៅ​។​

ស្ត្រី​រងគ្រោះ​បាន​និយាយថា រូបនាង​មាន​ផ្ទៃពោះ​ចំនួន​៤​ខែ ហើយ​មិនអាច​តតាំង​ជាមួយ​ក្រុមចោរ បានឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ស្រី្ត​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​កែបម៉ូតូ​របស់គាត់​មាន​ផ្ទុក​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង គឺ​អាយ​​ហ្វូ​ន​មួយគ្រឿង ម៉ាក​ណូគា​មួយគ្រឿង ប្រាក់​ចំនួន​១០០​ដុល្លារ និង​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​៕B/

#