ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជាមួយ​គ្រឿងញៀន​ជិត​២០​កញ្ចប់​

526
ចែករម្លែក

ដោយ:បូកគោ/កែប ៖ កម្លាំង​នគរបាល​នៃ​ស្នងការ​ដ្ឋា​ខេត្តកំពត​ សហការ​ជាមួយ​សមត្ថកិច្ច​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ រួមជាមួយ​គ្រឿងញៀន​១៧​កញ្ចប់​តូចធំ រួច​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​។​

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​បាន​ប្រាប់​ឲ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់ រួមមាន ១.​ឈ្មោះ​ខៀវ ស្រិ​ញ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ , ២. ឈ្មោះ​គង់ ហាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ទាំងពីរ​នាក់​រស់នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្នងការដ្ឋាន​ខេត្ត​កែប និង​កម្លាំង​នៃ​អធិការដ្ឋាន​ស្រុក​ដំណាក់​ចង្អើរ​បាន​ចុះ​ឆែកឆេរ​លំនៅស្ថាន​សង្ស័យ​មួយ​ស្ថិតក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ រកឃើញ​គ្រឿងញៀន​១៧​កញ្ចប់ ក្នុងនោះ​កញ្ចប់​ធំ​ចំនួន​បី​។

មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​ជាមួយ​វត្ថុតាង​ទាំងនោះ សមត្ថកិច្ច​បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​B/