ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដក ហូត​​ថ្នាំញៀន​បាន​ជិត១គីឡូក្រាម​

982
ចែករម្លែក

ដោយ:​សុខុម​/ស្ទឹងត្រែង​ ៖ ជនសង្ស័យ​ចំនួន២នាក់​ត្រូវបាន កម្លាំង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​របស់​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ​បង្ក្រាប​ករណី​ជួញដូរ សា​ភាព​ញៀន​ខុសច្បាប់ កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩​។​

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ខាងលើនេះ បានធ្វើ​ឡើងនៅលើ​កំណាត់​ផ្លូ​ជាតិ​លេខ​៩ ត្រង់ចំណុច ផ្លូវបំបែក​ចូល ទឹកធ្លាក់​ជ្រោះ​សុភ​មិត្ត ទៅ​ឃុំ​ព្រះ​រំកិល ស្ថិតក្នុង​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។

ក្រោយពី​បង្ក្រាបបាន​ភ្លាម​សមត្ថកិច្ច​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​តាម​នីតិវិធី​។​ លុះ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​ទើប​សមត្ថកិច្ច​ធ្វើការ​បង្ហាញមុខ​ជនសង្ស័យ និង​ហែក​កញ្ចប់​សំណាក​ថ្នាំញៀន រួច​ថ្លឹង​នៅមុខ​ជនសង្ស័យ​ទាំងពីរ​នាក់​នៅ​ចំពោះមុខ​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​។​

នគរបាល​ប្រឆាំង​គ្រឿងញៀន​បានបញ្ជាក់​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ឃាត់ខ្លួន​បាន​ទី​១-​ឈ្មោះ​សុំ សាង ភេទ​ប្រុស អាយុ៧០​ឆ្នាំ រស់នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់, ទី​២-​ឈ្មោះ មុត សៃ ភេទ​ស្រី អាយុ៦០​ឆ្នាំ រស់នៅ​ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។

ចំណែក​សារធាតុ​ញៀន​ដែល​រឹបអូស​បាន មាន​ទម្ងន់​៩៩៤,៥​ក្រាម ស្មើ​និង​ជិត​មួយ​គីឡូក្រាម ជា​ប្រភេទ​ថ្មាំ​ម៉េ​តំ​ហ្វេ​តា​មីន​ICE ឬ​ហៅថា (​ម៉ា​ទឹកកក​)​។​

​បច្ចុប្បន្ន ជនសង្ស័យ​វ័យ​ចំណាស់​ទាំងពីរ​កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លូន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ​ដើម្បី​សាកសួរ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ និង​កសាង​សំណុំ​រឿង​ប​ញ្ចូ​ន​ខ្លួន​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​៤​ស្អែក​នេះ ចាត់ការ​ទៅតាម​នីតិវិធី​៕​B/