ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​លាក់ទុក​អាវុធ​ខុសច្បាប់​

1202
ចែករម្លែក

បាត់ដំបង​៖​​ កាលពី​ម៉ោងជាង​៩​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុចដើម​ត្រាង ភូមិប​បុស្ស ឃុំ​ឈើទាល ស្រុក​បាណន់ កម្លាំង​អធិការ​ស្រុក​បាណន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​អាវុធ​អាកា​បត់​១​ដើម ហើយ​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដោយ​ចោទ​ពីបទ​កាន់កាប់​អាវុធ​ខុសច្បាប់​។​

​លោក ថោង ធិ​ន អធិការរង​ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ មុត សុខា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ អតីត​ទាហាន​វរៈ​សេនា​តូច​លេខ​៣ ប្រចាំការ​នៅ​ភូមិ​ចង្ហូរ​ស្វាយ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់​។ បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​អូរ​អ​ង្គុ​ញ ភូមិ​កំពង់​គល់ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ មុខរបរ​ស៊ីឈ្នួល​កាច់​ពោត​ឲ្យ​គេ​មាន​ប្រពន្ធ និង​កូន​៥​នាក់​(​ស្រី​២​នាក់​)​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កាំភ្លើង​អាកា​បត់​រលុប​លេខ និង​គ្មាន​គ្រាប់​នេះ គឺ​ខ្លួន​បាន​ជីក​កំណប់​រកឃើញ​នៅ​អូរ​អាចយ​ក្នុងស្រុក​សំឡូត ហើយ​បានដាក់​តាម​ខ្លួន ដើម្បី​យកទៅ​ដូរ​អង្ករ​ហូប​។​

​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង​កាំភ្លើង​អាកា​បត់​១​ដើម ទៅកាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕ ​ដោយ ៖គ្រញូង

ជនសង្ស័យ​និង​វត្ថុតាង​កាំភ្លើង​១​ដើម (​រូប​៖ គ្រញូង​)