ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​រំលោភ​ក្មេងស្រី​អនីតិជន នៅ​ស្រុក​សំរោង​ទង​

799
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ក្មេងស្រី​អនីតិជន​ម្នាក់​ដែលជា​ក្មេង​កំព្រា​ត្រូវ​ជនសង្ស័យ​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​សុ​បិ​ន្ត ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុន វិ​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​សុ​បិ​ន្ត ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ស​.​ស​.​ផ អាយុ​១២​ឆ្នាំ ជា​ក្មេង​កំព្រា​ឪពុកម្តាយ រស់នៅក្នុង​មណ្ឌល​ក្តីសង្ឃឹម​ថ្មី នៃ​កុមារ​កម្ពុជា​(​ភូមិ​យើង​)​។​

​ប្រភពពី​ក្មេងស្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នាង​បាន​រត់​លេង​នៅក្បែរ​ព្រៃ​ក្នុង​មណ្ឌល កំពុងតែ​រត់​ស្រាប់តែ​ជនសង្ស័យ​បាន​ល្បួង​នាង​ទៅលេង​ក្នុងព្រៃ ក្រោយ​មណ្ឌល រួច​ហើយក៏​ធ្វើ​សកម្មភាព​ចាប់​នាង​រំលោភ​សេពសន្ថវ​: ទៅលើ​នាង​បានសម្រេច និង​បាន​គំរាមកំហែង​មិន​ឲ្យ​នាង​ប្រាប់​នរណា​ឲ្យ​ដឹង​ឡើយ​។​

​តាម​សម្តី​អ្នកមើលការខុសត្រូវ​ក្នុង​មណ្ឌល បាន​ឲ្យ​ដឹងថា គាត់​បានឃើញ​ក្មេងស្រី​រងគ្រោះ​ដើរ​ចេញពី​ព្រៃ ដោយមាន​សភាព​ស្លេកស្លាំង និង​មាន​ឈាម​ហូរ​តាម​ជើង រួច​គាត់​ក៏​ជជីក​សួរ​រហូតដល់​នាង​ប្រាប់​រឿង​រ៉ាង​ទាំងអស់​។ ប្រភព​ដដែល​បន្តថា ក្រោយពី​ដឹង​រឿង​អស់​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

​រីឯ​មន្ត្រីនគរបាល​និយាយថា ក្រោយពី​ទទួល​ពាក្យបណ្ដឹង​រួចមក កម្លាំង​ជំនាញ​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ភ្លាមៗ រួច​ធ្វើការ​សាកសួរ​ជនសង្ស័យ និង​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ ទៅលើ​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។

​ចំពោះ​ករណី​ខាងលើ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕