ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ធ្វើការ​លួច​ម៉ូតូ​នៅក្នុង​ក្រុង​សៀមរាប

150
ចែករម្លែក
  • 1
    Share

​ដោយ​: បាយ័ន / សៀមរាប​: កាលពី​ថ្ងៃទី​១២​ខែមេសា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៩:៥០​នាទី នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក ម៉ាក​Suzuki Smah V​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ផ្លាកលេខ​កំពង់ធំ 1L-6078 លេខ​តួលេខ​ម៉ាស៊ីន​២០០៨៩៨ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ក៏បាន​ជិះ​គេចខ្លួនបាត់​។

​បន្ទាប់មក​ជនរងគ្រោះ​ក៏​ស្វែងរក​ម៉ូតូ​របស់ខ្លួន ហើយ​ប្រទះឃើញ​ជនសង្ស័យ​កំពុងតែ​ជិះ ក៏​រាយការណ៍​មក​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដែល​កំពុង​នៅតាម​គោលដៅ ឲ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​បាន ភ្លាមៗ​នាំមក​ធ្វើការ​សាកសួរ​។

​យោងតាម​ការសាកសួរ​របស់ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានអោយដឹងថា ជនសង្ស័យ ឈ្មោះ​វី ដា​វីន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​រស់ នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​កង​ជ័យ​ស្រុក​អូររាំងឪ ខេត្តកំពង់ចាម​។​

​ក្រោយពេល​សួរនាំ​ជនសង្ស័យ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ដូច​ជនរងគ្រោះ​ប្តឹង​ចោទប្រកាន់​មែន​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​និ​តី​វិធី​ច្បាប់​៕ ល​