ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ បន្ទាប់ពី​ឆក់​ទូរស័ព្ទ ពី​ជន​ជាតិចិន មានភ្ជាប់​GPS បានសម្រេច

383
ចែករម្លែក

ដោយ:ចាន់តូ​/​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ តាមរយៈ​ទូរស័ព្ទ​ដែល​ភ្ជាប់​ប្រព័ន្ធ GPS របស់​ជនរងគ្រោះ​ដែលជា​ជនជាតិ​ចិន ក្រោយពី​ត្រូវបាន​ជនសង្ស័យ​ជិះ​ម៉ូតូ មក​ឆក់​ទូរស័ព្ទ IPhone X បានសម្រេច នៅ​ចំណុច​ម្ដុំ​គីរីរម្យ ខណ្ឌចំការមន ហើ​យ​គេចខ្លួន​មក​ពួន​ស​ង្ងំ​ក្នុង​បន្ទប់​ជួល​មួយកន្លែង នៅ​ចំណុច​ផ្លូវលំ ក្នុងភូមិ​ដើ​មចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ខណៈដែល​មិនដឹងថា​ទូរស័ព្ទ​មានភ្ជាប់​GPS ទើប​ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន កាលពី​ម៉ោង​០១​និង​១៥​នាទី​យប់​ឈានចូល​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ រួមទាំង​ដកហូត​ម៉ូតូ​ដែល​ជិះ​ធ្វើសកម្មភាព​នោះ​មួយគ្រឿង​ទៀតផង​ដែរ​។

​ជនសង្ស័យ​មានឈ្មោះ ស៊ុន សុ​ភ័​ត្តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ មាន​ទីលំនៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែកឯ​ជនជាតិ​ចិន​ម្ចាស់​ទូរស័ព្ទ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។

​សម្ភារៈ​ដកហូត​មាន ម៉ូតូ​ម៉ូតូ​មួយគ្រឿង ម៉ាក ហុងដា​ឌ្រី​ម (Honda Dream) ស៊េរី​ឆ្នាំ​២០១៨ មិន​ចាំ​ស្លាក​លេខ ដែល​ពាក់​ព​ន្ធ័​ប្រព្រឹត្ត​បទល្មើស​ស្តីពី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​ទូរស័ព្ទ IPhone X ពណ៍​ខ្មៅ ពី​បុរស​ជនជាតិ​ចិន វេលា​ម៉ោង​ប្រហែល​០១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ម្ដុំ​គីរីរម្យ ផ្លូវ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ខាងលើ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​B/