ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ នៅ​បរិវេណ​កាស៊ីណូ​ប៉ា​រ៉ា​មេក ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

196

(​បន្ទាយមានជ័យ​) : កម្លាំង អ​.​ហ​. ក្រុង​ប៉ោយប៉ែត បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្រោយពី​រកឃើញថា ជនសង្ស័យ​២​នាក់ ​បានធ្វើ​សកម្មភាព​លក់​និង​ជក់​គ្រឿង​ញៀ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមទាំង​នៅ​ប្លុក​កាស៊ីណូ​ឈ្មោះ​ប៉ា​រ៉ា​មេក នៅ​ជាយដែន​កម្ពុជា​ថៃ​។ ការបង្ក្រាប​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​លោក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​១.​ឈ្មោះ រ៉ា ឆាយ​ឌី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​ប៉ោយប៉ែត និង​២.​ឈ្មោះ លី ស៊ា​វ​ឡេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃទី​២០ ខែវិច្ឆិការ ឆ្នាំ​២០១៧​។ ជនសង្ស័យ​ឈ្មោះ រ៉ា ឆាយ​ឌី បានធ្វើ​សកម្មភាព​លក់​ចែកចាយ​ថ្នាំញៀន នៅ​បរិវេណ​កាស៊ីណូ​ប៉ា​រ៉ា​មេក​។ ក្រោយ​សួរ​នាំនៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃទី​២១ ខែវិច្ឆិការ ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រសៀល ផ្អែកលើ​ចម្លើយសារភាព​ជនសង្ស័យ​ខាងលើ ក៏​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ លី ស៊ា​ង​ឡេង យកមក​សួរនាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ថា ថ្នាំញៀន​ទាំងនេះ គឺ​ពួកគេ​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ យ៉​ត ហៅ​ពៅ អាយុ​ប្រហែល​២៥​ឆ្នាំ រស់នៅ​ក្បែរ​វត្ត​ស្រះ​ត្រាច ហើយ​ថ្នាំញៀន​ទាំងនេះ គឺ​ទិញ​យកមក​ជក់​នៅក្នុង​បន្ទប់ទឹក​កាស៊ីណូ​ផា​រ៉ា​មេក​។ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះ​ឃាត់​តែម្តង ក្នុងនោះ​ដកហូត​បាន​ថ្នាំញៀន​ពណ៌​ស​ថ្លា​០១​ថង់​តូច​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា ក្រោយ​សួរនាំ​រកឃើញថា ជនសង្ស័យ​ទាំង​២​នាក់​ជាប់​ពាក់ព័ន្ធ​ករណី​លក់ និង​ជក់​ថ្នាំញៀន​ពិតប្រាកដ​មែន​។ ក្រោយ​សួរនាំ​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់​កាលពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​៕L ដោយ​៖ ប​.​ជ័យ​