ឃាត់ខ្លួន​បាន​៨​នាក់ ករណី​សេព​គ្រឿងញៀន​

579
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: ឆ្លៀតពេល​ទំនេរ ថ្ងៃ​ឈប់សម្រាក អត់​ទៅធ្វើ​ការងារ បែ​ជា​បបួល​ណាត់គ្នា ជក់​គ្រឿងញៀន កំពុងតែ​ឆ្ងាញ់​មាត់​ផង ប៉ូលិ​ស​ប៉ុស្តិ៍​ចោមចៅ​១ ចុះទៅ​ឃើញ​ឃាត់ខ្លួន​បាន​៨​នាក់ ដកហូត​បាន​ថ្នាំញៀន និង​សម្ភារៈ ឧបករណ៍​សម្រាប់​ជក់​មួយចំនួនទៀត កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បន្ទប់​ជួល ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ទាំង​៨​នាក់ សមត្ថកិច្ច​ក្រសោប​បាន ទី​១ ឈ្មោះ យ័ន្ត ថា​វិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់នៅ បន្ទប់​ជួល​ខាងលើ​។ ទី​២ ឈ្មោះ បឿន រ៉ា​មន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ទី​៣ ឈ្មោះ ម៉េង ភ​ក្រ័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។ ទី​៤ ឈ្មោះ ហែម ឡូយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។ ទី​៥ ឈ្មោះ ស្តី ស៊ីណា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ។ ទី​៦ ឈ្មោះ អ៊ុច សំអឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ ទី​៧ ឈ្មោះ កែវ កសាន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ទី​៨ ឈ្មោះ កែវ ឯម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​ឃាត់ខ្លួន បន្ទាប់ពី​មាន​កិច្ចសហការ​ល្អជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន រាយការណ៍​ជុំវិញ​សភាពការណ៍ បទល្មើស​កនុង​មូលដ្ឋាន ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ចុះទៅ​ករសោប ចាប់ខ្លួនបាន​មួយក្រុម​គ្នា​៨​នាក់ កំពុង​ស​ង្ងំ​ជក់​ថ្នាំញៀន​ក្នុង​បន្ទប់​ជួល ដកហូត​បាន​ថ្នាំញៀន​៥​កញ្ចប់ ស​ម្ភ​រៈពាក់​ព័ន្ធ​និង ឧបករណ៍​ជក់​មួយចំនួនទៀត​។​

​ជនសង្ស័យ​ក្រោយ​ចាប់ខ្លួនបាន សមត្ថកិច្ច​នាំទៅ សាកសួរ និង​កសាង​សំណុំរឿង​នៅ​ប៉ុស្តិ៍​ចោមចៅ​១ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ បន្ត​តាម​នីតិវិធី​៕