ឃាត់ខ្លួន​បុរស​ម្នាក់​បង្ក​ឱ្យ​រាលកៃ​កាំភ្លើង​កែច្នៃ​ត្រូវចំ​យុវជន​ម្នាក់​ស្លាប់​

583
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​បង្ក​ឱ្យ​រាលកៃ​កាំភ្លើង​កែច្នៃ​ផ្ទុះ​ត្រូវចំ​ក្បាល​យុវជន​ម្នាក់​បណ្តាលឱ្យ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ស្រែ​ព្រាល​ទិសខាងកើត​ភូមិ​ប្រមេ​រុ ឃុំ​ប្រមេ​រុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ ឈ្មោះ អួន រ៉ាវី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​។ ចំណែក​ជនបង្ក​ឈ្មោះ សុខ វ៉ាន់ឌី​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយគ្នា​។

​ក្រោយ​កើតហេតុ​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការ​ស្រុក​ត្បែងមានជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​។ ចំណែក​សាកសព សមត្ថកិច្ច​ប្រគល់​ឲ្យ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជុំវិញ​ករណី​ផ្ទុះអាវុធ​កែច្នៃ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ខាងលើនេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​និង​លោក​ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត បាន​អំពាវនាវ និង​ទ​ទួ​ច​ឱ្យ​ពលរដ្ឋ​ទាំងអស់ បញ្ឈប់​ការផលិត និង​រក្សាទុក​អាវុធ​កែច្នៃ​ខុសច្បាប់ ព្រោះ​វា​ជា​បញ្ហាសំខាន់​ណាស់ ដែល​មិនគួរ​មើលរំលង​។​

កា​រក្សាទុក​អាវុធ​កែច្នៃ មិន​ត្រឹមតែ​ចោទ​ជា​បញ្ហា​នោះទេ វា​បង្ក​ឱ្យ​ចលាចល​នៅក្នុង​សង្គម​យើង​កាន់តែ​កើតឡើង ព្រោះ​កាលណា​មាន​អាវុធ អំពើ​លួច​ប្លន់ វា​នឹង​កើតឡើង ដោយសារ​ការរក្សា​នូវ​អាវុធ​ខុសច្បាប់​ទាំងនេះ​។ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់ ដាច់ខាត​ត្រូវតែ​ប្រគល់​អាវុធ​ខុសច្បាប់​ជូន​ដល់​សមត្ថកិច្ច បើ​ពុំ​ដូច្នេះ​ទេ នឹង​ទទួលទោស​ទៅតាម​ច្បាប់​៕S/

​ឃាត់ខ្លួន​បុរស​ម្នាក់​បង្ក​ឱ្យ​រាលកៃ​កាំភ្លើង​កែច្នៃ​ត្រូវចំ​យុវជន​ម្នាក់​ស្លាប់​