ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

1055
ចែករម្លែក

ដោយ : បាយ័ន / ​សៀមរាប ៖ បុ​រ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង បានធ្វើការ​ឃាត់ខ្លួន​ហើយ​ត្រូវបាន​សាលាដំបូង​ខេត្តសៀមរាប​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ គណៈបញ្ជាការ​ឯកភាព​ខេត្តសៀមរាប បានឃើញ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក (Facebook) ដែលមាន​គណនី​ឈ្មោះ (Ban Samphy) បាន​ចែកចាយ​បន្ត​នូវ​រូបភាព របស់​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ព្រះបាទ​នរោត្តម សីហមុនី ក្នុងន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ ។ ក្រោយពី​បានឃើញ​ការ​បង្ហោះ​នោះ គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​ឲ្យ​កំលាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ជាបន្ទាន់ ។​

​សមត្ថកិច្ច​នគរបាល​បាន​បន្តថា រហូតដល់​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៨​នេះ ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង បាន​រកឃើញ​ម្ចាស់​គណនី facebook ខាងលើ​នោះ គឺមាន​ឈ្មោះ បាន សម្ភីរ ភេទ​ប្រុស អាយុ ៧០​ឆ្នាំ មាន​មុខរបរ​ជាជាង​កាត់សក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

​កម្លាំង​សមត្ថកិច្ច ក៏បាន​កោះហៅ​សា​ម៉ី​ខ្លួន​រូបនោះ មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ហើយ​បើតាម​ចម្លើយ​របស់​ឈ្មោះ បាន សម្ភីរ បាន​សារភាពថា ៖ កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ខ្លួន​ដែលជា​ម្ចាស់​គណនី​ឈ្មោះ (Ban Samphy) ពិតជា​បាន​ចែកចាយ​បន្ត (shared) រូបភាព និង​ខ្លឹមសារ ដែល​មានន័យ​ប្រមាថ​ព្រះមហាក្សត្រ នៅវេលា​ម៉ោង ១៨ និង ៤០​នាទី ពី​ហ្វេ​ស​ប៊ុ​ក ដែលមាន​គណនី (Khmer Thatcher) ពិត​ប្រា​ដក​មែន ។​

​តាម​ចម្លើយសារភាព​នោះដែរ ឈ្មោះ បាន សម្ភីរ បានបញ្ជាក់​ទៀតថា  ការចែក​ចាយ​បន្ត​នេះ មកពី​មូលហេតុ​ខ្លួន​មិន​ពេញចិត្ត អង្គ​ព្រះមហាក្សត្រ ដូច្នេះ​នៅពេលដែល​ខ្លួន​បានឃើញ​ការ​បង្ហោះ​របស់​គណនី (Khmer Thatcher) ខ្លួន​ក៏បាន​ចែកចាយ​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ ក្នុងន័យ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តែម្ដងទៅ ។

​បើ​យោងតាម ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើបនឹង​ត្រូវបាន​វិសោធនកម្ម​ថ្មី​នេះ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រង់​ជំពូក​ទី​១ មាតិកា​ទី​១ នៃ​គន្ថី​ទី​៤ មាត្រា​ស្ទួន ៤៣៧​ថ្មី ដោយបាន​ចែងថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ ០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​» ។​

​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុគ្គល​ឈ្មោះ បាន សម្ភីរ តាម​ដីកា​លេខ ៦២៥ «​ក​» ១៨ ចុះ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប ៕​B

បុរសដែលត្រូវឃាត់ខ្លួន​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (រូបថត : បាយ័ន)