ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​គ្រឿងញៀន​១០​កញ្ចប់​

246

(​កំពត​)៖ កម្លាំង​នគរបាល​ខេត្តកំពត សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន កាលពី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​តូច​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត​។​

​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា បុរស​សង្ស័យ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ហ៊ីម រុន អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​ការប្រទះឃើញ​មុខសញ្ញា​សង្ស័យ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន កាលពី​វេ​ល​ម៉ោង​៤ និង​៥០​នាទី​រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខេត្តកំពត សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ​បាន​ចុះ​ឃាត់ខ្លួន​បុរស​ម្នាក់ រួច​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​តូច ដែល​គេ​ព្យាយាម​លាក់ទុក​សម្រាប់​ចែកចាយ​បន្ត​។​

​មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា ជាមួយនឹង​វត្ថុតាង​ទាំងនេះ សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ​មកកាន់​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​បន្ត​៕L ដោយ​៖ បូកគោ​