ឃាត់ខ្លួន​មនុស្ស​២​នាក់​ ដែល​លួច​គាស់ដើមឈើ​ក្នុង​តំបន់​អង្គរ​

282
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ មនុស្ស​២​នាក់​ដែល​បានធ្វើ​សកម្មភាពលួច​គាស់​កូនឈើ​ប្រណីត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវបាន​ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិបត្តិការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​ការឃាត់​សកម្មភាព​និង​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ​នៃ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​សហប្រតិបត្តិការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់ថា ដើមឈើ​ដែល​ត្រូវបាន​គេ​លួច​គាស់​គឺជា​ប្រភេទ​ឈើ​ធ្នង់ ដែលមាន​ទំហំ​មុខកាត់​ត្រង់​គល់​ប្រហែល​១​តឹក​និង​មាន កម្ពស់​៣​ទៅ​៤ ម៉ែត្រ ចំនួន​១៥​ដើម​។​

ជន​ដែល​លួច​គាស់ដើមឈើ មានឈ្មោះ ប្រាក់ រាម និង​ឈ្មោះ យោក យេន មាន​ទីលំនៅ ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

ភ្នាក់ងារ​អភិរក្ស​ព្រៃឈើ បាន​បន្តថា ក្នុងនោះដែរ ភ្នាក់ងារ​របស់​យើង​បានចាប់​ឃាត់​បាន​ម៉ាស៊ីន ថា​ឡេ​ថង​១​គ្រឿង យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​បន្ទាប់​។ ចំណែក​ជនបង្ក​ដែល​ត្រូវបាន​ឃាត់​សកម្មភាព​និង​ឲ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លួច​គាស់ដើមឈើ និង​ដកហូត​ដើមឈើ​ធ្នង់ និង​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕​B/Ha