ឃាត់ខ្លួន​ម្នាក់​ទៀតហើយ ប៉ូលិស​ខេត្តតាកែវ​នាំខ្លួន​បុរស​ដែល​អះអាងថា​ជនជាតិ​វៀតណាម​ចាប់​ក្មេង

1217
ចែករម្លែក

(​ភ្នំពេញ​)៖ ជន​ដែល​បង្ហោះ​ព័ត៌មាន​តាម​Facebook ថា​មាន​«​យួន​២​នាក់​»​តាម​ចាប់​ក្មួយ​ស្រី​របស់ខ្លួន​ដល់ផ្ទះ នៅ​ឃុំ​ខ្វាវ​ ​ស្រុក​សំរោង​ ខេត្តតាកែវ ដែល​កាន់តែ​បង្ក​ឲ្យ​មាន​ភាពចលាចល​ក្នុងសង្គម​នោះ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សួរនាំ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ។​

​បុរស​ដែល​ត្រូវ​ឃាត់​ឈ្មោះ លី ឆៃ​យ៉ា អាយុ​៣០​ឆ្នាំ ដែលជា​ម្ចាស់​គណនី Facebook ឈ្មោះ «La chhaya» បានបញ្ជាក់​អះអាង​ក្នុង Facebook របស់ខ្លួន​ធ្វើ​ហាក់​ឃើញ​ហេតុការណ៍​ចាប់​ក្មួយ​របស់ខ្លួន​ច្បាស់​ណាស់ ដោយ​គាត់​ថា​មាន​យួន​២​នាក់​ជិះ​ម៉ូតូ​តាម​ពីសា​លា​​មក​ដោយ​កាត់​វាលស្រែ​រហូតដល់​តា​ម​ចាប់​ដល់​ក្នុងផ្ទះ​។​

​បុរស​ឈ្មោះ លី ឆៃ​យ៉ា បាន​បន្តទៀតថា ក្មេងស្រី​ជា​ក្មួយ​គាត់​បាន​រត់ តែ​សំណាង​បាន​ចាស់ៗ​ឃើញ ហើយ​ពួក​ជនសង្ស័យ​បាន​ប្រាប់ថា​ពួកខ្លួន​ជា​អ្នកលក់​ប៉ាតង់​ជ័រ មុន​ជិះ​ម៉ូតូ​រត់​បាត់​…​។​

​ភ្ជាប់​នឹង​ការអះអាង​អំពី​ការចាប់​ក្មេង​នេះ បុរស​ខាងលើ​បាន​បន្ថែមថា​«​ឥឡូវ​គិត​ដូចម្តេច បើ​មានផ្ទះ​ខ្លួនឯង​នៅ​កម្ពុជា​បែរជា​រងារ​ បែរជា​ភ័យ​នៅក្នុង​ទឹកដី​ខ្លួនឯង​អត់​កើត​….»​។​

​ក្រោយពី​បានដឹង​ព័ត៌មាន​នេះ​តាម​ហ្វេ​ស​ប៊ុ​ក ប៉ូលិស​ខេត្តតាកែវ​បាន​ចុះទៅ​ដល់ផ្ទះ​ក្មួយ​ស្រី​និ​ច ផ្ទាល់​ហើយ​ក្មេងស្រី​នេះ​បាន​បញ្ជាក់ប្រាប់​​ប៉ូលិស​ថា តាមពិត​ពូ​របស់ខ្លួន​ថត​វីដេអូ​នេះ ដើម្បីអោយ​ម៉ែឪ​ឯទៀត​ការពារ​កូន កុំអោយ​ដើរទៅ​ណា​ខ្លាច​គេ​ចាប់ គឺ​អោយ​ម៉ែឪ​ប្រុង​​ប្រយ័ត្ន​លើ​កូន​តែប៉ុណ្ណោះ មិនមែនជា​ការចាប់​អី​ទេ គ្រាន់​តែមាន​គេ​ជិះ​តាម​ពីក្រោម​…​។​

​ទោះជា​ការពិត​វា​មិនមែនជា​ករណី​ចាប់​ក្មេង​ក៏ដោយ​តែ​ព័ត៌មាន​បំពុលសង្គម​ត្រូវបាន​បង្ហោះ​ចេញរួច​ហើយ​។​

​លោក​កឹម​ ​សន្តិភាព​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​នៅពេលនេះ​តាម​ព័ត៌មាន​ដែល​ទទួលបាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ បានសម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​នេះហើយ​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​លើ​បណ្តាញ​សង្គម​​របស់ខ្លួន​ទាក់ទង​នឹង​ករណី​ចាប់​ក្មេង​នេះ ដែល​នេះ​ជា​ករណី​ថ្មី​មួយទៀត បន្ទាប់ពី​ករណី​ឃាត់ខ្លួន​កាលពី ម្សិលមិញ នៅ​ខេត្តកំពង់ធំ​»​។​

​បើតាម​លោក គឹម សន្តិភាព បាន​បន្ត​បញ្ជាក់ទៀតថា តំណាង​អយ្យការ​ទូទាំងប្រទេស បាន​កំពុង​បន្ត​តាមដាន​យ៉ា​យកចិត្តទុកដាក់​ពិ​​និត្យ​ស្រាវជ្រាវ និង​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា ដែលមាន​ច​រិ​ក​ទុច្ចរិត​បង្ក​ឲ្យ​មានការ​ភ័យខ្លាច និង​ចលាចល​ក្នុងសង្គម និង​សូម​អំពាវនាវ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន ដែល​ពុំមែន​ជា​ការពិត​បែបនេះ​។​

​ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ​បានបញ្ជាក់​នៅថ្ងៃនេះ​ថា “​ការនិយាយ​បំផ្លើស ការផ្សាយ​ព័ត៌មាន​មិន​ពិត ការបញ្ជូន​ដំណឹង​មិន​ពិត មានទោស អ៊ីចឹង​ប្រយ័ត្នប្រយែង កុំ​អាង​ថា បង្ហោះ​ទៅហើយ​គ្មាន​អ្នកណា​ដឹងថា នៅត្រង់ណា​។ សូម​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា លើកលែងតែ​ហោះ​ទៅ​ក្រៅប្រទេស​ឬក៏​ប្រទេស​ណា​ដែល​មិន​សហការ​ជាមួយ​នគរបាល​​ជាតិ​កម្ពុជា​។ ហើយ​ប្រទេស​ណាក៏ដោយ​ឲ្យ​តែ​សហការ​ជាមួយ​នគរបាលជាតិ​កម្ពុជា រត់​មិន​រួច​ទេ ចឹ​ង​កុំ​ធ្វើ​អី​ឲ្យ​ខុសច្បាប់​។​…​នគរបាល​​មាន​ភារកិច្ច​តាមឃ្លាំមើល​អ្នកណា​ដែល​ប្រើប្រាស់ (​ហ្វេ​ស​ប៊ុ​ក​) ខុស បំពុលបរិយាកាស បំផ្លាញ​សន្តិសុខ​ជាតិ បំផ្លាញ​ផលប្រយោជន៍​ជាតិ ផលប្រយោជន៍​ប្រជាជន អាហ្នឹង​នគរបាល​មាន​ភារកិច្ច​ចាត់ចែង​ទៅតាម​ច្បាប់ កុំ​ស្មានថា ធ្វើ​អី​គេ​មិនដឹង​”៕​ដោយ​៖​មុនី​រត្ន​-​វាសនា​