ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​កម្មករ​ធ្វើ​សកម្មភាព​រឹត​ក​ថៅកែ​ស្រី​បូម​បង្គន់​យក​ម៉ូតូ លុយ និង​មាស​

974
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​ស្ត្រី​ម្នាក់​ដែលជា​ថៅកែ​បូម​បង្គន់ ត្រូវបាន​រងគ្រោះ​ដោយសារ​យុវជន​ម្នាក់​ដែលជា​កម្មករ​ធ្វើ​សកម្មភាព យករឹត​ក​ហើយ​យក​ម៉ូតូ​បាន​មួយគ្រឿង រួមទាំង​លុយ​ដុល្លារ លុយ​ខ្មែរ មាស​មួយចំនួនធំ​ទៀត​។​ចម្លែក​ទៅទៀត​នោះ ពេល​គ្រោះថ្នាក់​នោះ​គឺ​ខណៈពេលដែល​ថៅកែ​ស្រី​បាន​ឌុប​កម្មករ​របស់ខ្លួន ដើរ​បិទ​ស្លាក​នៅ​រំលងអធ្រាត្រ គឺ​នៅ​ម៉ោង​០០​និង​៣០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ចំណុច​ទំនប់​៧៨ ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​មន្ត្រី​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​មួយរូប បាន​និយាយថា នៅ​រំលង​អ​ធ្រា​ត​នោះ ស្ត្រី​រងគ្រោះ​ឈ្មោះ​ហន ពៅ​ធីតា ជា​ថៅកែ​បូម​លូ​បង្គន់ បាន​ដឹក​កម្មករ​ម្នាក់​ឈ្មោះ សឿន សុ​លាភ​ហៅ វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ កម្មករ​បូម​លូ​បង្គន់ ដើម្បី​ដើរ​បិទ​ស្លាក​បូម​លូ​និង​លេខ​ទូរស័ព្ទ នៅតាម​ផ្លូវ​សាធារណៈ​។​នៅពេល​ថៅកែ​ស្រី​ឌុប​កម្មករ​របស់ខ្លួន​មកដល់​ផ្លូវ​ស្ងាត់​នៅ​ចំណុច​ខាងលើ ក៏​ធ្វើ​សកម្មភាព​យកដៃ​រឹត​ក​ហើយ​ធ្វើអោយ​ថៅកែ​ឈប់​ដួល​ទៅលើ​ដី ហើយ​កម្មករ​ក៏បាន​យក​ម៉ូតូ​មួយគ្រឿង​និង​កាបូបស្ពាយ​មួយ ជិះ​ចេញទៅ​បាត់​។​

​ប៉ុន្តែ​ក្រោយពី​កើតហេតុ​នោះដែរ​សមត្ថកិច្ច​បានធ្វើ​អន្តរាគមន៍​ហើយ​តាម​ចាប់​កម្មករ​នោះបាន​រួមទាំង​ដកហូត​បានមក​វិញ​នៅ​ម៉ូតូ​និង​សម្ភារៈ​មានតម្លៃ​ខាងលើ ប្រគល់ជូន​អោយ​ជនរងគ្រោះ​វិញ​។​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី​២០១៥ ស្លាក​លេខ​សៀមរាប ១Q៧៣២៩ , លុយ​ដុល្លារ​១៣១៥ ,​លុយ​ខ្មែរ ១.១៤០.០០០;០០​រៀល ,​កងដៃ​០១​ឈុត ,​ជញ្ជៀន​០២​វង់​; និង​ក្រ​វឹល​០១ គូ​។​
ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ និង​កសាង​សុំ​ណុំ​រឿង បញ្ជូនមក​តុលាការ​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕S/

​រូបភាពៈ ឃាត់ខ្លួន​យុវជន​ម្នាក់​ជា​កម្មករ​ធ្វើ​សកម្មភាព​រឹត​ក​ថៅកែ​ស្រី​បូម​បង្គន់ យក​ម៉ូតូ លុយ និង​មាស​៕​គូលែន​