ឃាត់ខ្លួន​យុវជន​ម្នាក់​បញ្ជូនទៅ​តុលាការ​ពីបទ​រួមភេទ​ជាមួយ​អនីតិជន​រហូត​មាន​ផ្ទៃពោះ​៥​ខែ​

1553
ចែករម្លែក
  • 58
    Shares
យុវជន​ត្រូវ​ចាប់ខ្លួន​ពីបទ​រំលោភ​យុវតី​អាយុ​ក្រោម​១៥​ឆ្នាំ និង​យុវតី​រងគ្រោះ (​រូប​៖ គ្រញូង​)

បាត់ដំបង​៖ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧ បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការខេត្ត ពីបទ​រួមភេទ​ជាមួយ​អនីតិជន​រហូត​មាន​ផ្ទៃពោះ​៥​ខែ​។ យុវជន​រូបនេះ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួន ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​នារី​រងគ្រោះ ប្រព្រឹត្ត​ពី​ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។​

​លោក មួង ឡាង អធិការរង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹងថា យុវជន​សង្ស័យ​មានឈ្មោះ សាន វិ​ន​ហាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​។ ចំណែក​យុវតី​រងគ្រោះ​ឈ្មោះ អាយុ​១៤​ឆ្នាំ ដែល​កំពុង​រៀន​នៅក្នុង​អនុវិទ្យាល័យ​កំពង់ព្រះ រហូត​មាន​ផ្ទៃពោះ​៥​ខែ​។​

​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​អនុវត្តតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ ឈឿន សុគន្ធ អាយុ​៤៧​ឆ្នាំ ត្រូវជា​ម្តាយ​យុវតី​រងគ្រោះ ដោយបាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ កូនក្មួយ​របស់គាត់​ឈ្មោះ ទៀង ផល្លា ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅក្នុង​ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ បាន​ប្រាប់​គាត់​ថា កូនស្រី​របស់គាត់​អាយុ​១៤​ឆ្នាំ ដែល​កំពុង​រៀន​នៅក្នុង​អនុវិទ្យាល័យ​កំពង់ព្រះ មាន​ផ្ទៃពោះ​៥​ខែ​ហើយ​។​

​បន្ទាប់មក​គាត់​ក៏​សម្រេច​ទៅតាម​កូនស្រី​ដែល​កំពុង​នៅក្នុង​ថ្នាក់រៀន ឲ្យ​ចេញមក​ផ្ទះ ដើម្បី​សាកសួរ​។ នៅពេលនោះ កូនស្រី​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ខ្លួន​ជាមួយនឹង​ឈ្មោះ សាន វិ​ន​ហាយ នៅ​ក្នុងភូមិ​ជាមួយគ្នា​មែន ដោយ​គេ​បាន​បបួល​ទៅ​ដេក​នៅក្នុង​ផ្ទះ​របស់គេ កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧​កន្លងមក​។ ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​កូនស្រី ដែល​នាង​នៅ​ក្មេង ហើយ​មាន​ផ្ទៃពោះ ទើប​ជួបជុំ​បងប្អូន ដើម្បី​ពិភាក្សា​ក្នុងការ​សម្រេចយក​កូន​ចេញពី​ក្នុង​ផ្ទៃ គឺ​នៅ​ថ្ងៃទី​២១ ខែកក្កដា ម្តាយ​ក៏បាន​នាំ​កូនស្រី​ទៅ​ជួបនឹង​គ្រូពេទ្យ​មួយកន្លែង ដែល​ស្ថិតនៅ​ខាងជើង​លោកតា​ដំបងគ្រញូង ប៉ុន្តែ​គ្រូពេទ្យ​មិន​ហ៊ាន​យកចេញ​ទេ ដោយសារតែ​ម្តាយ​នៅ​ក្មេង​ពេក ឯ​ទារ​កមាន​អាយុ​រហូតដល់​៥​ខែ​ទៀត​។​

​ក្រោយមក​ម្តាយ​នារី​រងគ្រោះ ក៏បាន​លេចឮ​ព័ត៌មាន​ថា មាន​ពេទ្យ​មួយកន្លែង​នៅ​ខាងជើង​វត្ត​លៀប ស្ថិតក្នុង​ភូមិ​វត្ត​លៀប សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង គេ​អាចយ​កកូន​ចេញ​បាន ទោះបី​កូន​នេះ​មាន​អាយុ​ច្រើន​ខែ​ក៏ដោយ មាន​យីហោ​ជិម សាវង្ស​។ ពេលទៅដល់​គ្រូពេទ្យ​បាន​អះអាងថា អាច​យកចេញ​បានតែ​ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​៤០០​ដុល្លារ​។
​នៅ​ទីបំផុត​ការ​ពន្លូត​ក៏​ធ្វើបាន​សម្រេច ទើប​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែកក្កដា​នេះ ស្ត្រី​ជា​ម្តាយ​ក៏បាន​មក​ដាក់ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ហើយ​ក៏បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាន វិ​ន​ហាយ នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ដើម្បី​សាកសួរ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ស្រលាញ់គ្នា​អស់​រយៈពេល​២​ឆ្នាំ​មកហើយ គឺ​កាលពី​ថ្ងៃទី​១៥​ខែមេសា​កន្លងទៅ វេលា​ម៉ោង​៩​យប់ ពួកគេ​បាននាំគ្នា​ទៅលេង​បុណ្យ​ក្នុង​វត្ត​កំពង់ព្រះ ហើយ​ខ្លួន​ក៏​បបួល​នាង​ទៅ​រួមភេទ​នៅក្នុង​ផ្ទះ​របស់ខ្លួន​បាន​ម្តង ក៏​ឲ្យ​នាង​ត្រឡប់ទៅផ្ទះ​វិញ​។ លុះ​នៅ​ថ្ងៃស្អែក​ឡើង គឺ​ថ្ងៃទី​១៦​ខែមេសា​ម៉ោង​៧​យប់ ខ្លួន​ក៏​បបួល​នាង​ទៅ​ដេក​ជាមួយ​ម្តងទៀត​នៅ​កន្លែង​ដដែល ដោយ​មិនបាន​ដឹងថា ការ​រួមភេទ​ចំនួន​ពីរដង​នេះ មាន​ផ្ទៃពោះ​ដល់​ទៅ​៥​ខែ​ទាល់តែសោះ គឺ​ពី​ខែមេសា​ដល់​ខែកក្កដា មាន​រយៈពេល​តែ​៣​ខែ​។​

​ទីបំផុត​ខ្លួន​ក៏ត្រូវ​សមត្ថកិច្ច​ចាប់​តែម្តង តាម​បញ្ជា​របស់លោក នួន សាន​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​។ ចំណែក​គ្រូពេទ្យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលូតកូន​នោះ គេ​មិនទាន់​ដឹងថា ច្បាប់​មាន​វិធានការ​បែបណា​នោះឡើយ​៕ ដោយ​៖ គ្រញូង​