ឃាត់ខ្លួន​សង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន ១​គីឡូ នៅ​ខេត្តស្ទឹងត្រែង​

713
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយកញ្ចប់​មាន​ទម្ងន់​ប្រមាណ​ជិត ១​គីឡូក្រាម កាលពី​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ និង ៤៥​នាទី ស្ថិតនៅ​ចំណុច​ផ្លូវ​អាស៊ាន ភូមិ​លើ​សង្កាត់ ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។

​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​ក្នុងការ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ កម្លាំង​របស់លោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​ដកហូត​ថ្នាំញៀន​បាន​មួយកញ្ចប់​ធំ​មាន ទម្ងន់ ៩៤៦.៣​ក្រាម​។

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ទៀតថា ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ខាងលើនេះ មានឈ្មោះ ទូច វ៉ាត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ទៀតថា បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​ថ្នាំញៀន​បាន​រួចមក បាន​នាំយកមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕ ល​