ឃាត់ខ្លួន​សង្ស័យ​៣​នាក់ ករណី​ចាប់​បង្ខាំង​នារី​ម្នាក់​

955
ចែករម្លែក

​(ភ្នំពេញ)​៖ ជនសង្ស័យ​៣​នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើការ​អន្តរាគមន៍ និង​ឃាត់ខ្លួន ខណៈពេល​ក្រុម​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​នារី​ម្នាក់ នៅក្នុង​ផ្ទះជួល​១​កន្លែង​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង​១១​និង​២០​នាទី យប់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ នៅក្បែរ​សួន​កា​ណា​ឌឺ​យ៉ា តាម​បណ្តោយ​ផ្លូវ​វែង​ស្រេង ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣ មាន ១.​ឈ្មោះ វេត វៃ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ​លក់​សាច់ជ្រូក បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ ២.​ឈ្មោះ អម អេ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ខេត្ត ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​៣. ឈ្មោះ ណុ​យ អាយុ ២៣​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថយន្ត (​ជា​ម្ចាស់​ដាវ​សាំ​ម៉ូ​វ៉ៃ​)​។​

ប្រភព​បន្តថា មុន​ឈានដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ខាងលើ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​ដំណឹង​ពី​ប្អូនថ្លៃ​របស់​នារី​រងគ្រោះ​ថា មាន​ជនសង្ស័យ ១​ក្រុម កំពុងតែ​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​នារី​រងគ្រោះ ភ្លាមៗ​នោះ កម្លាំង​មាន​សមត្ថកិច្ច​បានធ្វើកា​រ​អន្តរាគមន៍ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៣​នាក់ ក្នុងចំណោម​បក្ខពួក​ជាច្រើន​នាក់ រួមទាំង​បាន​ដកហូត​បាន​ដាវ​សាំ​ម៉ូ​វ៉ៃ ១​ដើម​។​

​ជនសង្ស័យ ៣​នាក់ ខាងលើ ត្រូវ​កម្លាំង​សមត្ថកិច្ច បញ្ជូន​ខ្លួន​មកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​នារី​រងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​៕L ដោយ​៖ លីន​ណា​