ឃាត់ខ្លួន​ស្ត្រី​វៀតណាម​ម្នាក់​ចូល​បន្លំ​យក​ខ្សែក​មួយ​តម្លឹង

139
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោកចក​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ករណី​បន្លំ​លួច​ខ្សែក​មួយ​ខ្សែ​ទម្ងន់​មួយ​តម្លឹង​។​ហេតុការណ៍​បានកើត​ឡើង​នា​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ ស្ថិតនៅ​ផ្សារ​ដើម​ក្រឡាញ់​ក្នុងភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​.​ខេត្តសៀមរាប​។​

​មន្ត្រីនគរបាល​មូលដ្ឋាន ដែល​ស្ថិតក្នុង​ហេតុការណ៍​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ង្វៀង​ធី​ខា​ហៅ សុខ​ខា​ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ​ជនជាតិ​វៀតណាម​រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៧​សង្កាត់​ស្វាយប៉ាក​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​មានមុខ​របរ​លក់​ត្រី​។​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​(​បន្លំ​លួច​ខ្សែក​)​។​
មន្ត្រី​បន្តថា​មុន​កើតហេតុ​ស្ត្រី​សង្ស័យ​នេះ​បានធ្វើ​សកម្មភាព​ចូល​ទិញ​ខ្សែ​កនៅ​តូប​របស់​ជនរងគ្រោះ​ឈ្មោះ​លីម​ហ៊ុយ​ឃី​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​វាល​សង្កាត់​គោកចក​ក្រុង​សៀមរាប​។​ជនសង្ស័យ​បានឱ្យ​ជនរងគ្រោះ​យក​ខ្សែក​មាស​ប្រភេទ​ច្រ​វ៉ា​ក់​ឆាប​ទម្ងន់​១​ដំឡឹង​ពី​ក្នុង​ទូរ​មកឱ្យ​ខ្លួន​។​

​ពេល​បាន​ខ្សែក​ដោយ​ជនរងគ្រោះ​មិន​ចាប់អារម្មណ៍​ជនល្មើស​ក៏​ដោះ​ខ្សែក​ខ្លួន​(​ខ្សែក​ក្លែងក្លាយ​)​ប្រភេទ​ច្រ​វ៉ា​ក​ឆាប​ដូចគ្នា​ឱ្យទៅ​ជនរងគ្រោះ​។​រីឯ​ខ្សែ​កពិត​ជនសង្ស័យ​បាន​យក​ពាក់​នៅ​នឹង​កដោយ​គ្រប​អាវ​ជិត​។​បន្ទាប់មក​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ក៏បាន​និយាយ​តម្លៃ​គ្នា​តែ​មិនត្រូវ​ហើយ​ជនសង្ស័យ​ក៏បាន​ដើរគេច​ខ្លួន​ចេញទៅ ។

ដោយ​ជនរងគ្រោះ​ពិនិត្យមើល​ខ្សែក​ដែល​ជនសង្ស័យ​ឱ្យមាន​លក្ខណៈ​ប្លែក​និង​ស្រាល​ក៏​ស្រែក​ឆោឡោឡើង​។​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ចាប់​ឃាត់​ជនសង្ស័យ​បាន​និង​រាយការណ៍​ជូន​សមត្ថកិច្ច​។​ភ្លាមនោះ​សមត្ថកិច្ច​ចុះទៅ​នាំខ្លួន​ជនសង្ស័យ​យកមក​សួរនាំ​។​ជនសង្ស័យ​ក៏បាន​សារភាពថា​ខ្លួន​ពិតជា​បន្លំ​លួច​ខ្សែក ជនរងគ្រោះ​ពិតប្រាកដ​មែន​។

​ជាមួយគ្នា​នោះ​មន្ត្រីនគរបាល​បាន​ឆែកឆេរ​និង​បាន​ដកហូត​វត្ថុតាង​ពី​ជនល្មើស​រួមមាន​៖​ខ្សែក​ច្រ​វ៉ា​ក់​ឆាប​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​(​មាស​)​ប្រវែង​៧៧​ស​.​ម​ទម្ងន់​១​តម្លឹង​(​របស់​ជនរងគ្រោះ​),​។​ខ្សែករ​ច្រ​វ៉ា​ក់​ឆាប​ធ្វើ​អំពី​លោហធាតុ​ពណ៌​លឿង​(​កាឡៃ​)១​ខ្សែ​ប្រវែង​.៤៤​ស​.​ម​ជា​របស់​ជនល្មើស​។​.​ខ្សែដៃ​ច្រ​វ៉ា​ក់​ឆាប​លោហធាតុ​ពណ៌​លឿង​(​កាឡៃ​)​ប្រវែង​១៦.៥​ស​.​ម​ជា​របស់​ជនល្មើស​.​ក្រវិល​១​គូរ​លោហធាតុ​ពណ៌​លឿង​មាន​ត្បូង​ពណ៌​សរ ២​គ្រាប់ ជា​របស់​ជនល្មើស​។​

​មន្ត្រី​បញ្ជាក់ថា​ក្រោយ​សាកសួរ​និង​ដកហូត​វត្ថុតាង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​បន្ត​៕S/​