ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ដឹកឈើ​មួយគ្រឿង​នៅ​ស្ទឹងត្រែង​

1043
ចែករម្លែក

ស្ទឹងត្រែង​៖ ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ត្រូវបាន​កម្លាំង សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន ជាមួយ​រថយន្ត​ដឹកឈើ​មួយគ្រឿង កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧​។ បន្ទាប់ពី​ឃាត់​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​បញ្ជូន​មកកាន់​ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់​ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នោះ ឈ្មោះ ស ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិក​ញ្ចា​ញ​គោក ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ចំណែក រថយន្ត ម៉ាក​សាំង​យ៉ុង​ពណ៍​លឿង​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដកហូតយក​ដែរ​។​

​មុនពេល​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មួញ​ដឹកឈើ​ខាងលើ ដោយសារ​តែមាន ប្រភពព័ត៌មាន​ថា​រថយន្ត​សាំង​យ៉ុង ដឹកឈើ​ចេញពី​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ប៉ុស្តិ៍​ជាច្រើន​កន្លែង​កាត់​តាមផ្លូវ​ជាតិ​លេខ​៧ មកដល់​ភូមិសាស្ត្រ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ទើប​បង្ក្រាបបាន​។ បន្ទាប់ពី​បង្ក្រាបបាន​ភ្លាម បាន​បញ្ជូនមក​ដល់ទី​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​

​នៅ​រសៀល​ថ្ងៃទី​២៩​កក្កដា​ខាង​កម្លាំង កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានប្រគល់​សំណុំរឿង​ទៅឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​មាន​វិធានការ​។ ដោយឡែក ឈើ​ប្រណីត​ធ្នង់​ជាច្រើន​កំណាត់​នៅក្នុង​រថយន្ត​ភ្លាមៗ​នោះ សមត្ថកិច្ច​ជំនាញ​មិនទាន់​បានកំណត់​ចំនួន​ម៉ែត្រគូប​នៅឡើយ​ទេ​៕ ដោយ​៖ សុខុម​