ឃាត់ខ្លួនជនជាតិចិនម្នាក់ រកឃេីញគ្រឿងញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម

744
ចែករម្លែក

ដោយ:ឆាយានាថ/ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣ ខែមិថុនា សមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ។ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែកឆេរ​ បែរជារកឃើញគ្រឿងញៀន​ជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស ។

របាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៤ ខែមិថុនានេះ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុក​ម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្ក​ជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមាន​កាបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ​សមត្ថកិច្ច​បានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។

ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញឲ្យឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្តាស៊ី) ថ្នាំគ្រវី ។ ក្រោយមក​សមត្ថកិច្ចបានសួរចម្លើយនិងពន្លាត​ដែន​សមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះ​ ដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់​ចម្លើយសារភាពជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើ​កំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១ៈ៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ សមត្ថកិច្ចកំពុងជំរុញនូវវិធាន​ការ​ជំនាញសួរចម្លើយដើម្បីបន្តរកបក្ខពួកនិងវត្ថុតាងបន្ថែមទៀត៕B/Ha

#