ឃាត់​មនុស្ស​ចំនួន​៥​នាក់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

616
ចែករម្លែក

ដោយ​: បាយ័ន / សៀមរាប​: ជនសង្ស័យ​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្រោយ​ពិនិត្យ​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន ក្នុង​ប្រតិបត្តិការ​មួយ​ដោយមាន​ការសហការ​រ​វាង​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន និង​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០១៨ ក្នុងភូមិ​សាស្ត្រ​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក និង​ក្នុងភូមិ​សាស្ត្រ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ដោយ​ដកហូត​វត្ថុ​ង​តាង​បាន មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​កញ្ជប់​តូច​។​

​មនុស្ស​ចំនួន​៥​នាក់ ដែល​ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើនេះ រួមមាន ៖ ១. ឈ្មោះ គោក សុ​វឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង , ២. ឈ្មោះ ចៅ សុធី ហៅ ចាង​ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ពីរ​, ៣. ឈ្មោះ ប៉ុ​ញ រក្សា ហៅ​សើម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សូទ្រនិគម​, ៤. ឈ្មោះ កង មករា ហៅ​ឧត្ដម ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ពីរ ពាក់ព័ន្ធ​នឹង​ករណី​ចាត់ចែង និង ៥. ឈ្មោះ ទឹម លីកា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ពីរ ពាក់ព័ន្ធ​នឹង​ករណី​សម្រួល ចាត់ចែង​និង​ប្រើប្រាស់​។​

​ជនសង្ស័យ​ទាំង​៥​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕