ឃាត់​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង​ផ្ទុក​លើស​ទម្ងន់​កំណត់ ត្រូវ​ពិន័យ​១០​លាន​រៀល​

1296
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: រថយន្ត​ប្រភេទ​វេ​អង​ដឹក​ស៊ីម៉ង់ត៍​មួយគ្រឿង ត្រូវបាន​ក្រុមមន្ត្រី​ថ្លឹង​រថយន្ត​ដឹក​លើស​ទម្ងន់​ខេត្តស្ទឹងត្រែង ឃាត់ទុក​កាលពី​កន្លងទៅ​ថ្មីៗ​នេះ​។

​រថយន្ត​លើស​ទម្ងន់​មួយគ្រឿង​ខាងលើ ត្រូវបាន​គេ​ឲ្យ​ដឹង ថា​បាន​ដឹក​ស៊ីម៉ង់ត៍​មកពី​ខេត្តបាត់ដំបង កាត់​តាម​ខេត្តព្រះវិហារ​មក​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​យកទៅ​កាន់​ខេត្ត​រត​គិរី​។ បន្ទាប់ពី​រថយន្ដ​នេះ​ចូល​ដល់ទី​រួម​ខេត្តស្ទឹងត្រែង​ភ្លាម ក៏មាន​សេចក្ដីរាយការណ៍​ទៅ​ក្រុមការងារ​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់​តាម​ដងផ្លូវ​ជាតិ​ឃាត់​តែម្ដង​។

​ជាមួយ​នោះ ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​ម្នាក់ ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​។ ក្រោយពី​បាន​ឃាត់ទុក​អស់​រយៈពេល​ពេល​ជាច្រើន​ថ្ងៃ​មក ភាគី​ម្ចាស់​រថយន្ត​ក៏បាន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ក្រុមការងារ​ជញ្ជីង​ថ្លឹង​រថយន្ត​មិនបាន​បញ្ជាក់ ពី​អត្តសញ្ញាណ​ថៅកែ​រថយន្ត​នោះឡើយ​។ គេ​គ្រាន់តែ​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា រថយន្ដ​ដឹកជញ្ជូន​ស៊ីម៉ង់ត៍​នោះ បាន​ដឹក​លើស​ច្បាប់​កំណត់​រហូតដល់​ទៅ​៣២​តោន​។ សរុប​ទាំង​រថយន្ត​មាន​ចំនួន​៧០​តោន​។

​មន្ត្រី​ជញ្ជីង​បាន​បញ្ជាក់ថា រថយន្ដ​ដែល​ដឹក​ស៊ីម៉ង់ត៍​យកទៅ​កាន់​ខេត្តរតនគិរី​នោះ ថៅកែ​បាន​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ហើយ​។ ប្រាក់​ដែល​ត្រូវ​បង់​ចូល​រដ្ឋ​មាន​ចំនួន​១០​លាន​រៀល​ស្មើនឹង​២.៥០០​ដុល្លារ​អាមេរិក​។ ពេល​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​បែបនេះ ក្រុម​ត្រួតពិនិត្យ​រថយន្ត​ដឹក​លើស​ទម្ងន់ ក៏បាន​អនុញ្ញាត​ឲ្យ​ថៅកែ​យក​រថយន្ត​ផ្សេង​មក​រំលែក​ស៊ីម៉ង់ត៍​ចេញ​ដឹក​បន្ត​ទៅកាន់​ខេត្ត​រតនគីរី​។

​ករណី​ខាងលើនេះ បើ​មិនបាន​ទប់ស្កាត់​ទាន់ពេលវេលា​ទេនោះ រថយន្ត​ដឹក​លើស​ទម្ងន់​ដូចនេះហើយ គឺជា​ដើមហេតុ​បង្ក​ឲ្យ​ខូច​ផ្លូវថ្នល់​៕