ឃាត​កម្មៈ ចាក់​សម្លាប់​ប្រពន្ធចុង ទាំង​មាន​ផ្ទៃពោះ​៤​ខែ ព្រោះតែ​មិន​ចង់​ឮ ពាក្យ​ថា​បែកផ្លូវ​គ្នា​

1292
ចែករម្លែក

ដោយៈ​អង្គរតូច​-​គូលែន​
​សៀមរាបៈ​បុរស​ម្នាក់ បាន​ចាក់​ប្រពន្ធចុង ប្រមាណ​ជា ៥ កាំបិត​ចុង​ស្រួច បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម​ភ្លាមៗ ទាំង​មាន​ផ្ទៃពោះ​៤​ខែ ព្រោះតែ​មិន​ចង់​ឮ​ពាក្យ​ថា បែកផ្លូវ​គ្នា​។ ក្រោយ​ប្រពន្ធ​ស្លាប់ ប៉ុន្មាន​ម៉ោង ប្តី​ហេងស៊យ ត្រូវ​ប៉ូលិស​ចាប់វាយ​ខ្នោះ​។ ហេតុ​ការ​ណ៏​ដ៏​ព្រៃផ្សៃ​នេះ បានកើត​ឡើង នា​ម៉ោង ៨​និង​៣០​នាទី យប់ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៨ នៅលើ​ដង​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ផ្ការំចេក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម​។​

​ជនសង្ស័យ ជា​ប្តី​ចុង ឈ្មោះ​ស៊ន់ ទឹក អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ និង​កូន​រួចហើយ មានមុខ​របរ ជា​កម្មករ​។ ឯ​សព​ស្ត្រី​រងគ្រោះ ឈ្មោះ ប៉ក់ ឈាន អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​ភូមិ​កំពង់ក្របី ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មានមុខ​របរ ជា​កម្មករ​ដូចគ្នា​។​

​អធិការនគរបាល​ស្រុក​សូទ្រនិគម លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ បាន​ឲ្យ​ដឹងថា តាម​ចម្លើយសារភាព របស់​ជនសង្ស័យ គឺ​ដោយសារតែ​រូបគេ ស្រឡាញ់​ប្រពន្ធចុង (​ស្លាប់​) នេះ​ខ្លាំងពេក ហើយ​មិន​ចង់​បែកផ្លូវ​គ្នា ជាមួយ​នាង ក្នុង​គ្រា​ដែល​នាង​បានដឹង​រឿង ហើយ​សុំ​បែកផ្លូវ​។

​លោក​បន្តថា ដំណើររឿង​ពួកគេ ស្រឡាញ់គ្នា ក្នុងពេល​ធ្វើក​ម្មករ ជាមួយគ្នា​។ កាល​ជួបគ្នា​ដំបូង នៅឯ​ខេត្តកំពង់ធំ ជនសង្ស័យ បាន​លួង​លោមនាង​ថា រូបគេ​មិនមាន​ប្រពន្ធ​កូន​អី​ទេ ហើយ​ពេលនេះ រូបគេ​ចង់​រស់នៅ​ជាមួយ​នាង ដោយ​បង្កើត​គ្រួសារ​មួយ មានកូន​ប្រុស​ស្រី ដូច​អ្នកផង​ទាំងឡាយ​។ សំដី​ផ្អែមល្ហែម របស់​ជនសង្ស័យ ធ្វើ​ឲ្យ​នាង​ព្រម​រស់នៅ​ជាមួយគ្នា ជា​ប្តី​ប្រពន្ធ អស់​រយៈពេល​៨​ខែ និង​បាន​បន្សល់​កូន​ក្នុង​ផ្ទៃ ៤ ខែ​ផងដែរ​។​

​នៅ​ថ្ងៃទី​៦ ខែមេសា មុនពេល​កើតហេតុ ជនសង្ស័យ បានមក​ផ្ទះ​ប្រពន្ធដើម ភូមិ​កើតហេតុ​ខាងលើ​។ លុះ​ថ្ងៃ​បន្ទាប់ ប្រពន្ធចុង (​នាងរង​គ្រោះ​) ក៏បាន​តាម​មករក​ប្តី ដើម្បី​សុំ​យក​អត្តសញ្ញាណប័ណ្ណ ទៅ​បញ្ចប់​សំណុំរឿង លែងលះ​ជាមួយ​ប្តី​ដើម​។ តែ​ពេលមកដល់ ភូមិ​កើតហេតុ ជនរងគ្រោះ ក៏បាន​ដឹង​រឿង​ថា ប្តី ហេងស៊យ នេះ មាន​ប្រពន្ធ និង​កូន​រួចហើយ ទើប​នាង​និយាយថា បើ​បង​មាន​ប្រពន្ធ និង​កូន​ហើយ សុំ​រស់នៅ​ជាមួយ​គាត់​ចុះ ខ្ញុំ​សុំ​តែ​អត្តសញ្ញាណប័ណ្ណ វិល​ទៅ​ស្រុក​វិញ តែប៉ុណ្ណោះ​។​

​លោក​អធិការ បានបញ្ជាក់​ពី​ចម្លើយ ជនសង្ស័យ​ទៀតថា ពេលឮ​នាង និយាយ​ពី​ការ​បែក​គ្នា​បែបនេះ ជនសង្ស័យ មិន​ចង់​បែក ក៏មាន​គំនិត គិតពី​ឃាតកម្ម​នេះ​តែម្តង​។ លុះ​វេលា​ម៉ោង​កើតហេតុ ខាងលើ ក្នុងខណៈ​ជនរងគ្រោះ កំពុង​ដើរ​លើ​ផ្លូវលំ ជាមួយ​ម្តាយ​របស់ខ្លួន ចំណុចកើតហេតុ ក៏ត្រូវ​ជនសង្ស័យ យក​កាំបិត​ចុង​ស្រួច ចាក់​ចំ​កណ្តៀតក្អម ១​កាំបិត ធ្លាយ​ពោះវៀន ចេញមកក្រៅ​.​ចាក់​ដៃ​ឆ្វេង ៣ កាំបិត និង​ចាក់​ឆ្អឹងស្លាបប្រចៀវ ១ កាំបិត​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​។ ក្រោយ​ចាក់​ប្រពន្ធ​ហើយ ជននេះ ក៏បាន​ដេញ​ចាក់​ម៉ែក្មេក​ថែមទៀត តែ​ត្រូវ​ជួយ​អន្តរាគមន៍​ទាន់ ដោយ​ក្រុម​អ្នកភូមិ​។

​លោក​បន្ថែមថា ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​រួច រូបគេ​បាន​ទៅ​ដេក​ឱប​សព​ប្រពន្ធ មួយសន្ទុះ​ធំ ទើប​រត់គេចខ្លួន​។ ជាមួយគ្នា​នោះ ក្រុម​សមត្ថកិច្ច បាន​សហការគ្នា ដេញចាប់បាន​ជនសង្ស័យ ក្នុង​រយៈពេល ១ ម៉ោង​ក្រោយ​។

​លោក​បញ្ជាក់​បន្ថែមថា បើទោះបី​ជនសង្ស័យ សារភាពថា ឃាតកម្ម​នេះ ផ្តើមចេញពី​ការមិន​ចង់​បែកផ្លូវ ក៏ពិតមែន តែ​ជនសង្ស័យ បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​៕​V