ឃី​ត ត្សឺ​មែន ប្តេជ្ញា​បញ្ចប់​អាជីព​អស្ចារ្យ​របស់​ប៉ាក​គី​អៅ​

847
ចែករម្លែក

​អ្នក​ប្រដាល់​អាមេរិក ឃី​ត ត្សឺ​មែន (Keith Thurman) បន្ត​ហៅ​មែន​នី ប៉ាក​គី​អៅ កំពូល​វីរៈ​ប្រដាល់ ហើយ​នៅក្នុង​ពិភព​ប្រដាល់ គាត់​និយាយ​បែបនេះ​ប្រហែលជា​ត្រឹមត្រូវ​។​

​បន្ទាប់មក ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​មិន​ស្គាល់​ចាញ់​រូបនេះ​សន្យាថា​នឹង​បញ្ចប់​អាជីព​លើស​ង្វៀន​របស់​ព្រឹទ្ធសមាជិក​មកពី​ប្រទេស​ហ្វីលីពីន​រូបនេះ​។​

​រឿង​នោះ​ប្រហែលជា​អាច​កើតឡើង​ដែរ​។ ជា​លើកដំបូង​ហើយ ប៉ាក​គី​អៅ​គឺជា​អ្នក​ប្រដាល់​ដែល​គេ​ត​ឱ្យនៅ​ក្នុង​ការប្រកួត​នៅ​ថ្ងៃទី ២០ កក្កដា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​ដើម្បី​ដណ្តើម​ខ្សែក្រវាត់ WBA ។​

​ឬមួយ ប៉ាក​គី​អៅ ដែលជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់ ៨ ផ្សេងគ្នា​អំឡុង​អាជីព​ប្រដាល់​២៤​ឆ្នាំ នៅតែ​អាច​បន្ត​អាជីព​ដ៏​មាន​កិត្តិ​ស័ព្ទ​របស់គាត់​នៅ​អាយុ ៤០ ឆ្នាំ​ជាមួយនឹង​ជ័យជម្នះ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត​។​

​ប៉ាក​គី​អៅ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុងពេល​ប្រកាស​ពី​កម្មវិធី​ផ្សាយ​គិតលុយ​តាម​ចំនួន​អ្នកមើល​នៅ​សង្វៀន MGM Grand កាលពី​ថ្ងៃ​អង្គារ​ទី​២១​ឧសភា​ថា “​ខ្ញុំ​បាន​ប្រកួត​ប្រដាល់​អស់​រយៈពេល ២ ទសវត្សរ៍​មកហើយ ហើយ​ខ្ញុំ​មិនដែល​ខ្លាច​ឬ​ភិតភ័យ​ចំពោះ​គូប្រជែង​របស់ខ្ញុំ​ឡើយ​។ ឃី​ត ត្សឺ​មែន គឺជា​ប្រភេទ​អ្នក​ប្រដាល់​ដែល​អ្នក​អាច​គោរព​។ គាត់​គឺជា​អ្នក​ប្រដាល់​មិនដែល​ចាញ់ ហើយ​នេះ​ផ្តល់ឱ្យ​ខ្ញុំ​នូវ​ការលើកទឹកចិត្ត និង​ការ​ឈ្មុសឈ្មុល​ដើម្បី​ប្រឹងប្រែង​ឱ្យ​កាន់តែខ្លាំង ដូចដែល​ខ្ញុំ​ធ្លាប់​បានធ្វើ​កាលពីមុន​នៅក្នុង​ការប្រកួត​មុនៗ​របស់ខ្ញុំ​ជាមួយនឹង​អ្នក​ប្រដាល់​ឆ្នើមៗ​ក្នុង​កីឡាប្រដាល់​។ ខ្ញុំ​នឹង​ធ្វើឱ្យ​ប្រាកដថា ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​១០០​ភាគរយ​និង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការប្រកួត ហើយ​សូម​រង់ចាំ​មើលថា​តើន​រណា​ខ្លាំង​ជាង​នៅលើ​សង្វៀន​នៅ​ថ្ងៃទី ២០ កក្កដា​។ វា​នឹង​ក្លាយជា​រឿង​គួរឱ្យ​រំភើប ហើយ​ខ្ញុំ​ចូលចិត្ត​វា​។ ខ្ញុំ​ចូលចិត្ត ដែល​ខ្ញុំ​ជា​កីឡាករ​ដែល​គេ​ត​ឱ្យ នេះ​ពិតជា​សប្បាយរីករាយ​ណាស់​។ នេះ​គឺជា​អ្វីដែល​ខ្ញុំ​ចង់បាន​”​។​

​ត្សឺ​មែន ដែល​ប្រកួត​ឈ្នះ​ទាំង ២៩ លើក​មិនដែល​ស្មើ​មិនដែល​ចាញ់ បាន​និយាយថា “​នៅពេលដែល​ថ្ងៃទី​២០​កក្កដា​មកដល់ គាត់ (​ប៉ាក​គី​អៅ​) នឹង​បាត់​ខ្លួន​។ គាត់​សមតែ​ធ្វើជា​ព្រឹទ្ធសមាជិក​នៅ​ហ្វីលីពីន​។ អ្វីដែល​ខ្ញុំ​នឹងធ្វើ​ចំពោះ​មែន​នី ប៉ាក​គី​អៅ គឺជា​អ្វីដែល​គាត់​ធ្លាប់​បានធ្វើ​ចំពោះ​អូ​ស្កា ដេ​ឡា​ហូ​យ៉ា​”៕ ដោយ៖ កញ្ញាដាលីស

ឃី​ត ត្សឺ​មែន និង ប៉ាក​គី​អៅ​នឹង​ប្រកួត​គ្នា​នៅ​សង្វៀន​ឡាស​វេ​ហ្គាស​នៅ​ថ្ងៃទី ២០ កក្កដា