ឃុន ឌី​ម៉ា ឈ្នះ​ពិន្ទុ ឯ យុគ យក្ស​ផ្លែ ឈ្នះ​ទឹក​៣

997
ចែករម្លែក

​ដោយ​:​រ៉ូ​ហ្សា​ /
​ភ្នំពេញ​: ការប្រកួត​លើស​ង្វៀន អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១០ វិច្ឆិកា អ្នក​ប្រដាល់កម្ពុជា យុគ​យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ អុ​ប សៃ (Op Sai) ឲ្យ​សន្លប់​មុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​៣ ។​

​ស្ថានភាព នៃ​ការប្រកួត យក្ស​ផ្លែ មានប្រៀប តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ ។ មកដល់​ទឹក​ទី​២ យក្ស​ផ្លែ វ៉ៃ អុ​ប សៃ ឲ្យ​អាជ្ញាកណ្ដាល រាប់ ៨ ដល់​ទៅ ២ ដង ។ មកដល់​ទឹក​ទី​៣ ដោយ​ឃើញ​អ្នក​ប្រដាល់​ថៃ​រូបនេះ គ្មាន​សមត្ថភាព អាជ្ញាកណ្ដាល បញ្ឈប់​តែម្ដង។​

​ឃុន ឌី​ម៉ា ក្លិប​កង​រាជ​ងា​វុ​ធ​ហត្ថ រាជធានី​ភ្នំពេញ បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ឃុ​ម ភី​ត (Khum Phit) ដោយ ពិន្ទុ ។ នៅ​ទឹក​ទី​១ ឃុ​ម ភី​ត ត្រូវ​អាជ្ញាកណ្ដាល រាប់ ៨ បន្ទាប់ពី​ត្រូវ​មួយ​កែង របស់​ឌី​ម៉ា ឡើង​វង្វេង​នោះ ។ ទោះជា​យ៉ាងណា ក៏​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា បាន​ពេញ ៥ ទឹក ។ ចៅក្រម​ទាំង ៥ សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឱ្យ ឃុន ឌី​ម៉ា ឈ្នះ​គ្រប់គ្នា​។

​លើស​ង្វៀន​ហ្កេ​ន​ស្ប៊ើ​ក នា​យប់​ថ្ងៃទី​១០ វិច្ឆិកា អ្នក​ប្រដាល់​កម្ពុជា វ៉ែន សុវណ្ណ ក្លិប​កងកេង​កីឡា​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ផ្ដួល​អ្នក​ប្រដាល់​អ៊ីរ៉ង់ ហូ​សេន ណា​ហ្ស​រី (Hossein Nazari) ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ។​

​ជាមួយគ្នានេះដែរ ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា បាន​យកឈ្នះ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ លូ​ម លេង (Loom Leng) ដោយ​ពិន្ទុ បន្ទាប់ពី​តស៊ូ​ជាមួយគ្នា ៥ ទឹក​មក​នោះ ។​

​ចំពោះ​ការប្រកួត​សន្សំ​ពិន្ទុ ឆ្ពោះទៅ​ដណ្ដើម​ប្រា​ក់លាន រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញនោះ សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ ផ្ដួល​អ្នក​ប្រដាល់ លីន វណ្ណៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នៅ​ទឹក​ទី​១ ដោយ​ទាត់​មួយ​ជើង ចំ​ឆ្អឹងជំនី ។ មួយគូ​ទៀត អ្នកប្រដាល់ គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ប្រកួត​ចាញ់​អ្នក​ប្រដាល់ គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ នៅ​ទឹក​ទី​៤ ។​

​ការប្រកួត​លើស​ង្វៀន Boostrong Fighter om Fire នា​ព្រឹក​ថ្ងៃទី​១១ វិច្ឆិកា អ្នក​ប្រដាល់​កម្ពុជា សរ រាជសីហ៍ ប្រកួត​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ អា​បារី កេ​រ៉ា​យ​ម៉ាន (Akbari Eraimant) ។​

​ចំពោះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ Wurkz រសៀល​ថ្ងៃទី​១១ វិច្ឆិកា អ្នក​ប្រដាល់​កម្ពុជា មៀ​ច សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ ប្រជែង​បាន​កៅអី សម្រាប់​វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពី​គេ​ផ្ដួល​អ្នក​ប្រដាល់​ថៃ ភេ​ច អា​រុណ (Pheach Arun) ឲ្យ​សន្លប់នៅ​ទឹក​ទី​៤ នោះ ។​

​ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស ដែល​ខិតខំ​ផ្ដួល​អ្នក​ប្រដាល់​ថៃ កៅ អា​ហ៍ (Kao Ah) ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ ក៏​គេ​គ្មាន​ឱកាស​បាន​កៅអី សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ ៕v

​ការប្រកួត​ លើស​ង្វៀន​អាស៊ីអាគ្នេយ៍​