ឃុំខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​៣​នាក់​មាន​ថ្នាំញៀន​៥០​កញ្ចប់

1455
ចែករម្លែក

​(​ភ្នំពេញ​)៖​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០១៧​។​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ចុះ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៥២៧ ដែលមាន​ទីតាំង ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វត្ត​ឫស្សី​សាញ់ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា បុរស​ទាំង​៣​នាក់​នេះ ទី​១ ឈ្មោះ វ៉ាន់ រី​ម អាយុ​៣៣​ឆ្នាំ ទី​២ ឈ្មោះ អ៊ឹម រដ្ឋា អាយុ​៣៥​ឆ្នាំ និង​ទី​៣ ឈ្មោះ សេក ជី​វ័​ន្ត អាយុ​២៦​ឆ្នាំ​។​ពួកគេ​ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៥២៧ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​វត្ត​ឫស្សី​សាញ់ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងពេលនោះ​កម្លាំង​នគរបាល បានធ្វើ​ការដកហូត​បា​ន​គ្រឿងញៀន​ចំនួន​៥០​កញ្ចប់ រួមជាមួយ​ទូរស័ព្ទដៃ​៩​គ្រឿង ព្រមទាំង​សម្ភារៈ​និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់ និង​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនធំ​។​

មន្ត្រីនគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ជនសង្ស័យ​ខាងលើ​នោះ មិន​ត្រឹមតែ​ជា​មុខសញ្ញា​ជួញដូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​ផងដែរ ហើយ​មុន និង​ឈានដល់​ការឃាត់ខ្លួន​នោះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រយៈពេល​យូរ​មកហើយ​។​

​មន្ត្រីនគរបាល​រូបនេះ បាន​បន្តថា រហូត​ក្រោយមក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បាន​រាយការណ៍​ជូន​ទើប​កម្លាំង​កំណត់​បាន​មុខសញ្ញា​ខាងលើ ហើយ​រហូតមកដល់​ថ្ងៃទី​១៨ ខែកក្កដា​នេះ បន្ទាប់ពី​មានឱកាស​ល្អ កម្លាំង​ក៏បាន​ចុះ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ រួមទាំង​វត្ថុតាង​ខាងលើ​នោះ​៕S/​ដោយៈ​ស​រិ​ទ្ធ​