ឃុំខ្លួន​ជនជាតិ​ចិន​ពីរ​នាក់​ដែល​ជួល​ម៉ូតូ​កង់​បី​ជិះ​ពី​ភ្នំពេញ​យកមក​ប្លន់​នៅ​ស្រុក​ពញាក្រែក​

268
ចែករម្លែក

ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​បានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៩​។​ជននេះ​បាន​ប្រើល្បិច​ជួល​ម៉ូតូ​កង់​បី​ជិះ​ពី​ភ្នំពេញ​មក​ធ្វើ​សកម្មភាព​ប្លន់​នៅ​ភូមិ​អន្លង់​ជ្រៃ​ឃុំ​កក់​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់​ថ្ងៃទី​៨​សីហា​កន្លងទៅ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនជាប់ចោទ​ទាំងពីរ​នាក់​ដែល​ចៅក្រម​ស៊ើបសួរ​គឹម​ហេង ចេញ​ដីកាឃុំខ្លួន​ឈ្មោះ លីវ ស៊ឹង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ និង​ឈ្មោះ ឡូ​វ ជុន​សុង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​ជា​ជាតិចិន​ពីបទ​: លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​នៅ​ទីកន្លែង​កើតហេតុ​ខាងលើ​។​

ប្រភព​នោះបាន​ឱ្យដឹងទៀតថា​កាលពី​រសៀល​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៩​ជនជាតិ​ចិន​ពីរ​នាក់​ខាងលើ​បាន​ប្រើល្បិច​ជួល​ម៉ូតូ​កង់​បី​មួយគ្រឿង​ក្នុងតម្លៃ​១០៥​ដុល្លារ​អាមេរិក​។​ដែលមាន​ម្ចាស់​និង​ជា​ជនរងគ្រោះ​ឈ្មោះ ខាត់ ចំរើន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ មកកាន់​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ដដែល​បាន​បន្ថែមថា​ប៉ុន្តែ​មកដល់​កន្លែងកើតហេតុ​ភូមិ​អន្លង់​ជ្រៃ​ជនជាតិ​ចិន​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​នោះបាន​ចាប់​ក្រៀក​អ្នកបើក​ម៉ូតូ​កង់​បី​ខាត់​ចំរើន​ពីក្រោយ​និង​វាយ​ចំនួន​បី​ដៃ​។​បន្ទាប់មក​បាន​ស្រវា​យក​ទូរស័ព្ទដៃ​និង​កាបូប​លុយ​បន្ថែមទៀត​។​រីឯ​បក្ខពួក​ម្នាក់ទៀត​បាន​យក​កាំបិត​ដេញ​ចាក់​តែ​អ្នកបើកបរ​និង​ជា​ម្ចាស់​ម៉ូតូ​កង់​បី​បាន​រត់គេច​រួចហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​បង្ក្រាបបាន​។​

ប្រភព​បាន​បន្តថា​ក្រោយពី​ចាប់ខ្លួនបាន​ជនជាតិ​ចិន​ទាំងពីរ​ខាង​មន្ត្រីនគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាន​ចោទប្រកាន់​ពីបទ​:​លួច​មាន​ស្ថាន​ទម្ងន់ទោស​ហើយ​ចៅក្រម​ស៊ើបសួរ​គឹម​ហេង​បានចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ពីរ​ជា​បណ្តោះអាសន្ន​ដើម្បី​ស៊ើបអង្កេត​៕S/​