ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបុរសម្នាក់ ជាថៅកែរកស៊ីទិញលក់អង្ករ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន ពោលគឺចេញសែកស្អុយ ៣ម៉ឺនដុល្លារ ។
ថៅកែអង្កររូបនេះឈ្មោះ សួរ ឃាង ភេទប្រុស អាយុ៥៣ ឆ្នាំ ទីលំនៅផ្ទះ គ្មានលេខ ផ្លូវជាតិលេខ៦ ភូមិស្វាយពក ឃុំបាធាយ ស្រុកបារាយ ខេត្តកំពង់ចាម ។
តាមមន្ត្រីនគរបាលបានឲ្យដឹងថា ការចាប់ខ្លួនថៅកែអង្ករខាងលើនេះ គឺសមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក រស់ ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើសាលក្រមជំនុំជម្រះបានចូលជាស្ថាពររួចទៅហើយនោះ។
ប្រភព័ត៌មានបានឲ្យដឹងទៀតថា លោក សួរ ឃាង ត្រូវកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខស្នាក់ការពន្ធដារ ខណ្ឌទួលគោក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពីចាប់ខ្លួនលោក សួរ ឃាង ត្រូវបានសមត្ថកិច្ចបំពេញបែបបទបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែកក្កដា ដើម្បីជូនទៅចៅក្រមបន្តនីតិវិធី៕ ដោយ៖ ស.រិទ្ធ