ឃុំខ្លួន​បុរស​ចិន​៣​នាក់​និង​ស្ត្រី​ខ្មែរ​ម្នាក់​ករណី​ជួញដូរ​មនុស្ស​ក្រោមរូបភាព​យកប្តី​ចិន​

890
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ/ ​​ភ្នំពេញ ៖ ​នៅ​ល្ងាច​ថ្ងៃទី​១​ខែឧសភា ឆ្នាំ​២០១៨​បុរស​ជនជាតិ​ចិន​៣​នាក់ និង​នារី​ខ្មែរ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ទៅ​ប្រទេស​ចិន ក្រោមរូបភាព​សុំច្បាប់​រៀប​អាពាហ៍ពិពាហ៍​នោះបាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​នាំចេញ​ដោយ​មិន​ស្របច្បាប់​មាន​គោលដៅ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​ជា​បន្តទៀត​។​

​បុរស​ជនជាតិ​ចិន ឈ្មោះ JI JIAXIN និង​ប្រពន្ធ​ឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺជា​មេខ្យល់​។​ចំណែក​បុរស​ជនជាតិ​ចិន​២​នាក់​ទៀត​ឈ្មោះ ZHANG LIANG អាយុ​២៧​ឆ្នាំ និង​ឈ្មោះ YAN FAN អាយុ​២៨​ឆ្នាំ​បាន​ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនមក​តុ​លលា​ការ​នៅ​ថ្ងៃទី​២៨​ខែមេសា​ដើម្បី​ចាត់ការ​តាមច្បាប់​។

​គួរបញ្ជាក់​ថា​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​នេះ ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាបបាន​តាមរ​យៈ ការសហការ​ផ្តល់ព័ត៌មាន​ពី​អង្គការ​មេត្រីភាព អន្តរជាតិ ហៅ​កាត់​ថា AIM SWAT​បាន​រាយការណ៍​មក​សមត្ថកិច្ច​អាវុធហត្ថ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ ថា​បានឃើញ​សកម្មភាព​មនុស្ស​មួយក្រុម មាន​គ្នា​០៧​នាក់ មាន​ស្ត្រី​០៣​នាក់ ជា​ជនជាតិខ្មែរ និង​បុរស ០៣​នាក់​ជា​ជនជាតិ​ចិន និង​ប្រុស​ម្នាក់ទៀត​ប្រហែល​ជនជាតិខ្មែរ កំពុង​ពិភាក្សាគ្នា រៀបចំ​ឯកសារ ចេញទៅ​ប្រទេស​ចិន ក្រោមរូបភាព​រៀប​អាពាហ៍ពិពាហ៍ នៅ​ចំណុច​ហាង​កាហ្វេ​ឈ្មោះ ប៉ូ​ណា ផ្លូវ​លេខ​៥៣BT សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយ​ខាង​អង្គការ​AIM SWAT មានការ​សង្ស័យថា​ជា​អំពើ​ជួញដូរ​មនុស្ស ទើប​ស្នើសុំ​ជំនួយ​មក បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​អន្តរាគមន៍​រំដោះ​ជនរងគ្រោះ​។​

​ក្រោយពេល​ទទួលបានរ​បាយ​ការណ៍​របស់​អង្គការ AIM SWAT លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ រកឃើញ​មនុស្ស​០៦​នាក់ នៅក្នុង​ផ្ទះសំណាក់​ម្កុដ​មាស ក្បែរ​ផ្សារ​ទំនើប​ស្ទឹងមានជ័យ​។​

​តាមរយៈ​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា​៖ ឈ្មោះ JI JIAXIN ជនជាតិ​ចិន និង​ប្រពន្ធ​ឈ្មោះ តែម អឿន ជនជាតិខ្មែរ គឺជា​មេខ្យល់ កន្លងមក​អ្នក​ទាំងពីរ​ធ្លាប់បាន​នាំ​នារី​ខ្មែរ​ឱ្យទៅ​រៀបការ​យកប្តី​ចិន បាន​ចំនួន​០៣​នាក់​មកហើយ​១.​ឈ្មោះ ស្រី​ថន អាយុ ២២​ឆ្នាំ​, ២.​ឈ្មោះ យ៉ុ​ន ចាន់នី អាយុ​២០​ឆ្នាំ និង​៣.​ឈ្មោះ អា​រឹម អាយុ​២១​ឆ្នាំ តែ​បច្ចុប្បន្ន​ពុំមាន​ដំណឹង​ពី​ពួកនាង​ទេ (​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ដំណឹង​ពួកនាង​ទាំង​០៣​នាក់​)​។ ហើយ​ករណី​ថ្មី​នេះ​ពួកគេ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បាន​ណែនាំ​ឱ្យ​នារី​រងគ្រោះ​ពីរ​នាក់​ផ្សេងទៀត ឈ្មោះ គ​.​ព អាយុ​២៤​ឆ្នាំ កំព្រា​ឪពុក រស់នៅ​ខេត្តតាកែវ និង ជនរងគ្រោះ​ឈ្មោះ ថ​.​រ អាយុ​២៧​ឆ្នាំ កំព្រា​ទាំង​ឪពុក​និង​ម្តាយ រស់នៅ​ខេត្តតាកែវ ឱ្យ​រៀបការ​យកប្តី​ចិន ដោយ​សន្យាថា​បានទទួល​ថ្លៃទឹកដោះ ម្នាក់​៤,០០០​ដុល្លារ​។ ក្រោយមក​មេខ្យល់​០២​នាក់​ប្តី​ប្រពន្ធ បាន​នាំ​បុរស​ជនជាតិ​ចិន​០២​នាក់​ឈ្មោះ ZHANG LIANG អាយុ​២៧​ឆ្នាំ និង​ឈ្មោះ YAN FAN អាយុ​២៨​ឆ្នាំ ឲ្យ​មកជួប​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​រវាង ឈ្មោះ ZHANG LIANG ជាមួយ​នារី​រងគ្រោះ​ឈ្មោះ គ​.​ព រួចរាល់​ក្នុង​ថ្ងៃទី​២២.០៤.២០១៨ បន្ទាប់មក​នៅ​ថ្ងៃទី​២៣.០៤.២០១៨ មេខ្យល់​ពីរ​នាក់​ប្តី​ប្រពន្ធ និង​បុរស​ជនជាតិ​ចិន​០២​នាក់​ទៀត​រួមជាមួយ​ជនរងគ្រោះ​ទាំង​០២​នាក់ បាននាំគ្នា​ឡើងមក​ភ្នំពេញ​ដើម្បី​ធ្វើឯកសារ​ឆ្លងដែន​ទៅ​ប្រទេស​ចិន ក្រោមរូបភាព​រៀប​អាពាហ៍ពិពាហ៍​។ លុះដល់​យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ មនុស្ស​ទាំង​០៦​នាក់​ខាងលើនេះ បាននាំគ្នា​ចូល​សម្រាក​នៅផ្ទះ​សំណាក់​ម្កុដ​មាស ដោយ​បំបែក​បន្ទប់​គ្នា មួយ​បន្ទប់​មួយគូរៗ ក៏ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​រកឃើញ និង​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​មេខ្យល់​និង​ជន​ជាប់​ពាក់ព័ន្ធ​សរុប​០៤​នាក់​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​។ រីឯ​នារី​រងគ្រោះ​០២​នាក់ ត្រូវបាន​មន្ទីរ​សង្គមកិច្ច​និង​អង្គការ​AIM SWAT ប្រឹក្សា​ផ្តល់​សេវា​ការងារ​មាន​ប្រាក់បៀវត្ស​សមរម្យ​ឲ្យ ពួកនាង​និង​ក្រុមគ្រួសារ បាន​ស្ម័គ្រចិត្ត​ទទួល​សេវា​ការងារ​តាម​ការប្រឹក្សា​នេះ​៕​B