ឃុំខ្លួន​បុរស​ម្នាក់​ដែល​គំរាម​ទារប្រាក់​ពី​សង្សារ​ជា​ថ្នូរ​នឹង​ការ​បង្ហោះ​រូបភាព​អាក្រាត​

1623
ចែករម្លែក

​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ ឃាត់ខ្លួន បញ្ជូនមក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៧ កក្កដា ២០១៧ ដើម្បី​សាកសួរ​ករណី​គំរាម​ទារប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក ពី​ជនរងគ្រោះ ជា​ថ្នូរ​មិន​បង្ហោះ​រូបភាព​អាក្រាតកាយ​។​

​យុវជន​រូបនោះ​ឈ្មោះ ម៉ម ភក្ត្រា ហៅ ភក្តិ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត មុខរបរ​នៅផ្ទះ​បាន ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​១៩ ខែកក្កដា ក្រោម​ការចោទប្រកាន់​ពីបទ​គំរាមកំហែង​ហែកកេរ្តិ៍​។​

​ទាក់ទិន​នឹង​ការឃាត់ខ្លួន​នេះ ត្រូវបាន​ប្រភពព័ត៌មាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​បានធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ជនរងគ្រោះ និង​ដោយបាន​ការសម្របសម្រួល​ពី​ស្ថាន​ប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ពាក្យបណ្តឹង​នោះបាន​បញ្ជាក់ថា កាលពី​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ឆ្នាំ​២០១៧ ជនរងគ្រោះ​អាយុ​២០​ឆ្នាំ បាន​ស្គាល់ឈ្មោះ ម៉ម ភ័​ក្ត្រា តាមរយៈ​ការលេង​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏បាន​ស្រលាញ់គ្នា​ធ្វើជា​សង្សារ និង​មានការ​ណាត់គ្នា​ទៅ​រួមភេទ​នៅផ្ទះ​សំណាក់​យីហោ​បឹង​ឈូក ក្នុងស្រុក​កំពង់ត្រាច​ខេត្តកំពត​ជាច្រើនលើក​។ បន្ទាប់ពី​មានការ​រួមភេទ​ជា​ច្រើនដង​រួចមក និង​ចុង​ក្រោយនេះ​ឈ្មោះ ម៉ម ភក្ត្រា តែងតែ​គំរាម​ជនរងគ្រោះ​ឲ្យ​ធ្វើ​អ្វីដែល​គេ​ចង់បាន តែបើ​មិន​ព្រម​ទេ​គេ​នឹង​គំរាម​បង្ហោះ​រូបភាព​អាក្រាតកាយ​ទាំងពីរ​នាក់ ដែល​គេ​លួច​ថត​នៅពេល​រួមភេទ​ក្នុងផ្ទះ​សំណាក់​ជាមួយគ្នា​នោះ​។​

​ប្រភពព័ត៌មាន​បន្តថា នៅ​ថ្ងៃ​មិន​ចាំ ក្នុង​ខែមីនា ២០១៧ ដដែល ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​ទូ​ស័ព្ទ​ទៅ​ជនរងគ្រោះ ដោយនិយាយ​ទារប្រាក់​ចំនួន​៣០​ម៉ឺន​រៀល បើ​មិន​ឲ្យ​ទេ​គេ​នឹង​បង្ហោះ​រូបភាព​អាក្រាត​នោះ​។ ដោយ​មិន​ចង់​ឲ្យ​មានរឿង​វែងឆ្ងាយ និង​បែកធ្លាយ​រឿងអាស្រូវ​នោះ ជនរងគ្រោះ​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ទៅ​ឈ្មោះ ម៉ម ភក្ត្រា ចំនួន​២០​ម៉ឺន​រៀល​។ ក្រោយមក​បាន​វេរ​ប្រាក់​១០​ម៉ឺន​រៀល​ថែមទៀត​។ លុះ​ថ្ងៃទី​១ ខែមីនា​ឆ្នាំ ២០១៧ ម៉ម ភក្ត្រា បាន​ទូរស័ព្ទ​ឲ្យ​ជនរងគ្រោះ​ទៅ​ជួប​នៅ​រោងចក្រ​ស៊ីម៉ង់​ខេ​ស៊ី​មេន ខេត្តកំពត ដើម្បី​សុំ​បែកផ្លូវ និង​ឈប់​ឲ្យ​មានការ​ទាក់ទង​គ្នា ពេលនោះ​ឈ្មោះ ម៉ម ភ័​ក្ត្រា នៅតែ​គំរាម​ជនរងគ្រោះ បើ​នាង​មិន​ព្រម​ធ្វើតាម​គេ​ទេ​។​

​ចុងក្រោយ​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​គំរាម​ទារប្រាក់​ពី​ជនរងគ្រោះ​ចំនួន​៥០០​ដុល្លារ​អាមេរិក ហើយ​បានកំណត់​ត្រឹម​៥​ថ្ងៃ បើ​មិនបាន​ប្រាក់​ទេ គេ​នឹងមិន​លើកលែង​ដាច់ខាត​ត្រូវតែ​បង្ហោះ​រូបភាព​វីដេអូ​អាក្រាតកាយ​នោះ​ហើយ​។​

​ពេល​ឈ្មោះ ម៉ម ភ័​ក្ត្រា បាន​គំរាម​ច្រើនលើក​ដូច្នេះ ជនរងគ្រោះ​ដាច់ចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​ចាត់ការ​លើ​ប្រុស​ម្នាក់នេះ ។ នៅ​ថ្ងៃទី​១៥​ខែ កក្កដា សមត្ថកិច្ច​បានរៀបចំ​អន្ទាក់​ចាំ​ចាប់​ជនសង្ស័យ​នៅពេល​ទៅ​ទទួលយក​ប្រាក់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ម៉ម ភ័​ក្ត្រា ឆ្លើយ​សារភាព ប្រហាក់ប្រហែល​នឹង​ពាក្យបណ្តឹង​ជនរងគ្រោះ​ដែរ ព្រមទាំង​បានទទួល​ស្គាល់​ការពិត​នូវ​អ្វីដែល​ខ្លួន​បានធ្វើ​៕ ដោយៈ​ស​រិ​ទ្ធ

#