ឃុំខ្លួន​មេខ្យល់ ២​នាក់ ពាក់ព័ន្ធ​ការជួញដូរ​មនុស្ស​ឆ្លងដែន ទៅ​កាន់​​​ប្រទេស​ចិន​

374
ចែករម្លែក

ដោយ:​ស​រិ​ទ្ធ​/​ភ្នំពេញ​ ៖ ស្ត្រី​មេខ្យល់​២​នាក់​ដែល​ជាប់ ពាក់ព័ន្ធ​នឹង​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​ទៅកាន់​ប្រទេស​ចិន បាន​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៩​ ខែកក្កដា ឃុំខ្លួន​ដាក់ពន្ធនាគារ​។​

​ស្ត្រី​សង្ស័យ​២​នាក់​មានឈ្មោះ សុខា រដ្ឋធានី ហៅ​នី​យ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប និង​ឈ្មោះ ថាច់ ដាវី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ បាន​ត្រូវ​កម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​របង​វត្ត​មហាមន្ត្រី ផ្លូវ​លេខ​១៧៣ សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង​។ ក្នុងនោះ​សមត្ថកិច្ច​បាន​រំដោះ​នារី​រងគ្រោះ​ចំនួន​៤​នាក់ (​អនីតិជន​២​នាក់​) ។​
​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល បាន​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ រហូត​បាន​ចុះទៅ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ភ្លាមៗ​នាំមក​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ​។​

នារី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​នារី​រងគ្រោះ​សម្រេចចិត្ត​ទៅ​ប្រទេស​ចិន គឺមាន​ស្ត្រី​ម្នាក់​ដែលជា​មេខ្យល់​បាន​ទាក់ទង និង​លួងលោម​ថា បើ​ប្អូនៗ​ព្រមទៅ​ប្រទេស​ចិន ពេលទៅដល់​ភ្លាម នឹង​ទទួលបាន​ក្នុង​ម្នាក់ ៣០០០​ដុល្លារ​អាមេរិក ហើយ​រាល់​ការធ្វើ​ឯកសារ និង​ធ្វើដំណើរ​គឺមាន​អ្នករ៉ាប់រង​ទាំងអស់​។​

នារី​រងគ្រោះ​បាន​បន្តទៀតថា ពេលនោះ​ពួកនាង​បាន​សួរថា គាត់​ពុំមាន​លិខិតឆ្លងដែន​ទេ​។ នារី​មេខ្យល់​ក៏បាន​ប្រាប់ថា ពុំ​ចាំបាច់​មាន​លិខិតឆ្លងដែន​ទេ​គឺត្រូវធ្វើ​ដំណើរ​ទៅ តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត នៅពេល​ទៅដល់​បាវិត គឺមាន​មេខ្យល់​ម្នាក់ទៀត​ជា​ជនជាតិ​វៀតណាម ចាំ​ទទួល ដើម្បី​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ចិន​តែម្ដង​៕​B/