ឃុំខ្លួន​អ្នកទិញ​រថយន្ត​ដែល​ចោរលួច​ស្លាក​លេខ​ន​.​ប​យកទៅ​ពាក់​លើ​រថយន្ត​នោះ

711
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​អាជីវ​ករលក់​គ្រឿងបន្លាស់​រថយន្ត​២​នាក់​បងប្អូន​ទិញ​រថយន្ត​មួយគ្រឿង​ដែល​ចោរលួច​ស្លាក​លេខ​នគរបាល​យក​មក​ពាក់​លើ​រថយន្ត​នោះ​ត្រូវ​លោក​សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​រសៀល​ថ្ងៃទី​១៧ សីហា​ឆ្នាំ​២០១៨​នេះ​ក្រោម​ការចោទប្រកាន់​ពីបទ​ទទួលផល​ចោរកម្ម​និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​

២​នាក់​បងប្អូន​នេះ​ឈ្មោះ ស ធីតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ លក់​គ្រឿងបន្លាស់​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​២១ ផ្លូវ​បេតុង សង្កាត់​ឃ្មួញ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ប្អូនប្រុស​ឈ្មោះ ស សេងហុង អាយុ​២២​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត មាន​ទីលំនៅ​ផ្ទះ​លេខ​២៥ ផ្លូវ​បេតុង សង្កាត់​ឃ្មួញ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ភ្នំពេញ ។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា​ការចាប់ខ្លួន​២​នាក់​បងប្អូន​នេះ​ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់លោក​អនុសេនីយ៍ឯក ប៉ាត សំ​ណាត នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ។​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី​១៦ កក្កដា ២០១៨ មាន​ករណី​បាត់​ស្លាក​លេខ​រថយន្ត​ម៉ាក HighIander ពណ៌​ទឹកមាស​ស្លាក​លេខ​ភ្នំពេញ ២AS ៣២៣១ ទាំងមុខ​ក្រោយ នៅ​ចំណុច​ផ្ទះ​លេខ​២៦៣​អឺ​០ ផ្លូវ​លេខ ១០៧ សង្កាត់​បឹង​ព្រលឹត ដែលមាន​ជនរងគ្រោះ​ឈ្មោះ ប៉ាត សំ​ណាត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។ លុះ​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១២ សីហា ២០១៨ លោក ប៉ាត សំ​ណាត បាន​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទទួល​បងប្អូន​មកពី​ក្រៅប្រទេស​។

​ពេលនោះ​ស្រាប់តែ​បានឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​(​ភ្នំពេញ ២AS .៣២៣១ ពាក់​ជាប់​នៅ​រថយន្ត​ម៉ាក​Audi Q7 ផលិត​ឆ្នាំ​២០០៩ ព​ណ៍ស​) នៅ​ទីនោះ​ទៅវិញ ។ ពេល​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ភ្លាម ដើមបណ្តឹង បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង បាន​ស្នើសុំ​កម្លាំង​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​រថយន្ត និង ម្ចាស់ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​យក​ស្លាក​លេខ​រថយន្ត​ស្របច្បាប់​របស់លោក ដែល​ចោរលួច​យកទៅ​បាត់​មក​ពាក់​លើ​រថយន្ត​អូ​ឌី​នោះ​វិញ ។​

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ពេលនោះ​នគរបាល​មូលដ្ឋាន​ក៏បាន​ចុះទៅ​ឃាត់​មនុស្ស​២​ទៅ​៣​នាក់ ដែលជា​គ្រួសារ​តែមួយ និង ជា​អាជីវ​ករលក់​គ្រឿងបន្លាស់​រថយន្ត ដែល​ទៅ​ចាំ​ទទួល​សាច់ញាតិ​មកពី​ក្រៅប្រទេស​ដែរ ។ ពេល​ឃាត់ខ្លួន​មនុស្ស​៣​នាក់ និង រថយន្ត​អូ​ឌី ១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ដើម្បី​សាកសួរ​រកមុខ​ចោរលួច​ស្លាក​លេខ​រថយន្ត​របស់​លោក ប៉ាត សំ​ណាត នោះ ។

​នៅពេល​សាកសួរ​ជន​ទាំង​៣​នាក់​មាន​ម្នាក់​មិន​ពាក់​ពន្ធ​ករណី​លួច​ទេ សមត្ថកិច្ច​ក៏បាន​អនុញ្ញាត​ឲ្យ​ទៅវិញ ដោយមាន​ការឯកភាព​ពី​សំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ នៅសល់តែ​ឈ្មោះ ស ធីតា និង ឈ្មោះ ស សេងហុង ដែល​ត្រូវបាន​ឃាត់ខ្លួន និង កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។ ទោ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ស ធីតា ឆ្លើយថា រថយន្ត និង ស្លាក​លេខ​នោះ​ខ្លួន​បាន​ទិញ​ពី​មនុស្ស​ម្នាក់​ក្នុងតម្លៃ​១៦ ៧០០ ដុល្លារ​អាមេរិក ។

​ចំណែក​ចម្លើយ​ឈ្មោះ ស សេងហុង បាន​បញ្ជាក់ដែរថា ពេលនោះ​បងស្រី​បាន​ប្រើ​ឲ្យ​ខ្លួន​បើករថយន្ត​អូ​ឌី ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទទួលភ្ញៀវ​មកពី​ប្រទេស​កូរ៉េ​។ លុះ​ពេលទៅដល់​ព្រលានយន្តហោះ​ស្រាប់តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ៕S/​

​ឃុំខ្លួន​អ្នកទិញ​រថយន្ត​ដែល​ចោរលួច​ស្លាក​លេខ​ន​.​ប​យកទៅ​ពាក់​លើ​រថយន្ត​នោះ