ឃុំខ្លួន​អ្នកបើករថយន្ត​កិន​ម៉ូតូ​មន្ត្រីប៉ូលិស ធ្លាយ​ពោះ​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​របួស​

308

(​ភ្នំពេញ​) ៖ យុវជន​ម្នាក់​ដែល​បើក​រថយន្តបុក​ហើយ​កិន​អូស​មន្ត្រីនគរបាល អង្គភាព​តម្រួត​បទបញ្ជា​ក្រសួងមហាផ្ទៃ កំពុង​ជិះ​ម៉ូតូ​ឈប់​ភ្លើងស្តុប​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ធ្លាយ​ពោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង​ម្នាក់ទៀត​រងរបួស​ស្រាល កាលពី​វេលា​ម៉ោង​៦៖៣៥​ព្រលប់ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧​នៅ​ចំណុច​ភ្លើងស្តុប​ទំនប់​កប់​ស្រូវ កែង​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ត្រូវ​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​រាជធានី​ភ្នំពេញ បញ្ជូនមក​តុលាការ​នៅ​រសៀល​ថ្ងៃ​១​ខែកញ្ញា ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនបង្ក​ឈ្មោះ ចាន់ អេង​ស្រ៊ា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ឲ្យ​រោង​ម៉ាស៊ីនកិនស្រូវ ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​ថ្ងៃទី​២​ខែកញ្ញា​។ រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ ចំណុះ​៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3765 ដឹក​កន្ទក់​ពេញ​រថយន្ត​។ ម៉ូតូ​រងគ្រោះ ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-7949 ជិះ​គ្នា​២​នាក់​បើកបរ​ដោយ​ឈ​ក​មោះ ហង្ស សុធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រីនគរបាល​តម្រួត​បទបញ្ជា ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។ ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត មិន​ស្គាល់ឈ្មោះ​រងរបួស​ស្រាល​។

​តាម​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា​២​នាក់​តាមផ្លូវ​ទំនប់​កប់​ស្រូវ ពី​ជើង​ទៅ​ត្បូង​។​លុះដល់​ភ្លើងស្តុប​ឈប់​រង់ចាំ ស្រាប់តែ​រថយន្ត​បង្ក​បើក​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា បើក​បុក​កិន​ពីក្រោយ​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​តាម​សម្តី​អ្នកបើកបរ​រថយន្ត​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ រថយន្ត​ដឹក​កន្ទក់​ពី​ខេត្តកំពង់ចាម យកទៅដាក់​នៅ​រោងចក្រ​ចំណី​សត្វ ស្រុក​អង្គស្នួល ហើយ​រថយន្ត​ខាងលើ មក​តាមផ្លូវ​ខូច​ហ្វ្រាំង​ម្តង​រួចហើយ ឈប់​ជួសជុល​តាមផ្លូវ រួច​ទើប​បន្តដំណើរ​មកទៀត​។​លុះដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​ហ្វ្រាំង​មិន​ស៊ី​ជាន់​មិន​ជាប់ ជួប​បញ្ហា​នេះ​តែម្តង​។ ក្រោយ​កើតហេតុ សាកសព​ត្រូវបាន​រថយន្ត​អង្គភាព ដឹក​យកទៅ​តម្កល់ទុក​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី រីឯ​រថយន្ត​បង្ក និង​ម៉ូតូ​រួមទាំង​អ្នកបើកបរ​រថយន្ត​ផង ត្រូវបាន​នគរបាល​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ​៕L ដោយៈ ស​រិ​ទ្ធ​