ឃុំខ្លួន​អ្នកបើក​តាក់ស៊ី​ម្នាក់​ល្បួង​អ្នកជិះ នាំចូល​ផ្ទះសំណាក់​ប៉ុនប៉ង​ចាប់រំលោភ​សេពសន្ថវៈ

1254
ចែករម្លែក
  • 126
    Shares

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​បុរស​ជា​អ្នករត់​តាក់ស៊ី​ម្នាក់ ដែល​ល្បួង​នារី​វ័យក្មេង​ម្នាក់​ឡើងផ្ទះ​សំណាក់ ដើម្បី​ប៉ុនប៉ង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា បុរស​រូបនេះ​ឈ្មោះ ហម សុខ​វី អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​តាក់​ស៊ី រស់នៅ​ផ្លូវ​លេខ​២៧ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ អ​.​ក​.​ម​.​ត អាយុ​១៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន «​ប៊ី​ហ៊ី​ប​» លក់​អាហារ​បំប៉ន រស់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ «​អា​ហ្វា​» ស្ថិតក្នុង​ក្រុម​៤ ភូមិ​បាក់​ខែង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ មាន​ករណី​មួយ​បានកើត​ឡើង​រវាង​អ្នករត់​តាក់ស៊ី និង​នារី​វ័យក្មេង​ម្នាក់ ដោយ​នារី​រងគ្រោះ​ប្ដឹង​ចោទប្រកាន់ថា អ្នករត់​តាក់ស៊ី​បាន​ល្បួង​នាង​ឡើងផ្ទះ​សំណាក់ ដើម្បី​ប៉ុនប៉ង​ធ្វើ​សកម្មភាព​រំលោភ​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ដំបូង​គេ​ឃើញ​អ្នក​ទាំងពីរ​ឈ្លោះប្រកែក​គ្នា នៅ​បរិវេណ​ផ្ទះសំណាក់ និង​មានការ​ប្រទាញ​ប្រ​ទុង​គ្នា ទំនង​នារី​រងគ្រោះ​មិន​ព្រម​ចូល​ផ្ទះសំណាក់ ជាមួយ​បុរស​នោះ ហើយក៏​ឃើញ​នារី​នោះ​រត់​ចេញមកក្រៅ ស្រែក​ឆោឡោ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ជួយ ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ចុះមក​ជួយ​អន្តរាគមន៍​។​

​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ គឺ​ចោទប្រកាន់​ទៅលើរ​បុរស​ជា​អ្នករត់​តាក់ស៊ី​ថា “​ដំបូង​គាត់​លួងលោម​ខ្ញុំ​ឲ្យ​ឡើង​ជិះឡាន​ជាមួយ បន្ទាប់មក​គាត់​ក៏​បើកឡាន​សំដៅ​មក​ផ្ទះសំណាក់​ខាងលើ​តែម្តង ហើយក៏​ធ្វើ​សកម្មភាព​ល្បួង​ខ្ញុំ​ឲ្យ​ចូល​ផ្ទះសំណាក់ ដើម្បី​រួមភេទ​ជាមួយ​គាត់ ប៉ុន្តែ​ត្រូវបាន​ខ្ញុំ​ប្រកែក នឹង​ស្រែក​ឆោឡោ រត់​ទៅ​ឲ្យ​គេ​ជួយ ហើយក៏​ឃើញ​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍ នឹង​ចាប់​ឃាត់ខ្លួន​បុរស​នោះ​តែម្តង​”៕L​