ឃើញ​លុយ​រត់​ចូលក្នុង​គណនី​ធនាគារ កុំ​ទាន់​អាល​អរ ហើយ​ដក​ចាយ​ផ្តេសផ្ដាស ប្រយ័ត្ន​ជាប់គុក​!

310
ចែករម្លែក

​​ប្រសិនបើ​អ្នក​ជួប​ករណី ដែល​នៅ​សុខៗ​ស្រាប់តែ​លុយ​រត់​ចូលក្នុង​គណនី​ធនាគារ​របស់​អ្នក​ដោយ​មិនដឹង​ខ្លួន កុំ​ទាន់​អាល​អរ ហើយ​ដក​ចាយ​ផ្តេសផ្ដាស​ឱ្យសោះ ព្រោះ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​ជាប់គុក​ជាប់ច្រវាក់​។

​តួយ៉ាង ពីរ​នាក់​ប្ដី​ប្រពន្ធ​នៅ​រដ្ឋ​ផិ​ន​ស៊ី​ល​វ៉េ​នៀ (Pennsylvania) សហរដ្ឋ​អាម៉េរិក ត្រូវបាន​ចោទប្រកាន់​ពីបទ​ចោរកម្ម បន្ទាប់ពី​ពួកគេ​ដក​ចាយ​អស់​ខ្ទង់សែន​ដុល្លារ នូវ​ប្រាក់​ដែល​ធនាគារ​ច្រឡំ​ផ្ទេរ​ចូលក្នុង​គណនី​របស់​ពួកគេ​។​

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​តុលាការ​ឱ្យដឹងថា ប្ដី​ប្រពន្ធ​ដែលមាន​ឈ្មោះ រ៉ូបឺត (Robert) វ័យ ៣៦ ឆ្នាំ និង ទី​ហ្វែ​នី វីលៀម​ស៍ (Tiffany Williams) វ័យ ៣៥ ឆ្នាំ​បាន​ចូលខ្លួន​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែកញ្ញា ហើយ​អះអាងថា ខ្លួន​ពិតជា​ទទួលបាន​ប្រាក់​ចំនួន ១២០.០០០ ដុល្លារ​ដែល​តាមពិត​ធនាគារ​ត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វិនិយោគ​មួយ​ប្រាកដ​មែន​។ ដោយ​ត្រេកអរ​នឹង​លុយ​ជប់ ឬ​លុយ​សិ​ល្បិ៍​ដោយ​ខ្វះ​ការពិចារណា​វែងឆ្ងាយ ពួកគេ​បាន​ប្រញាប់ប្រញាល់​ដក​ស៊ីចាយ​យ៉ាង​ហ៊ឺហារ​អស់ ១០៧.០០០ ដុល្លារ​។​

​ប៉ូលិស​និយាយថា ប្ដី​ប្រពន្ធ​នេះ​ក៏ត្រូវ​ប្រ​ឈ​មុខ​នឹង​ការសង​ឥណទាន​ដែល​ពួកគេ​បាន ដក​ចាយ​ចំនួន ១០០.០០០ ដុល្លារ​ផងដែរ ដែល​សរុប​ទាំងអស់​ប្រមាណ​ជាង ២០០.០០០ ដុល្លារ​។ ពួកគេ​បាន​យកប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នេះ​ទៅ​ទិញ​រថយន្តទំនើប ទិញ​របស់​ប្រើប្រាស់​ប្រ៊ែ​នៗ ព្រមទាំង​ជួយ​មិត្តភក្តិ​អស់ ១៥.០០០ ដុល្លារ​ផងដែរ​។​
​តុលាការ​បញ្ជាក់ថា ពួកគេ​សារភាពថា ពួកគេ​បានដឹងថា​លុយ​ក្នុង​គណនី​របស់ខ្លួន​មិនមែនជា​របស់ខ្លួន​នោះទេ​។​

​ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចោរកម្ម និង​ទទួលផល​ចោរកម្ម​។ ទោះជា​យ៉ាងណា ពួកគេ​ត្រូវបាន​ដោះលែង​ដោយ​បង់ប្រាក់​ធានា​ខ្លួន​នៅក្រៅ​ឃុំ រង់ចាំ​ការជំនុំជម្រះ​បន្ត​។​

​សូមបញ្ជាក់ថា កំហុស​បច្ចេកទេស​នេះ​ត្រូវបាន​ធនាគារ​ពិនិត្យឃើញ​នៅ​ថ្ងៃទី​២០ ខែ មិថុនា ប៉ុន្តែ​នៅពេល​ខាង​ធនាគារ​ទាក់ទង​ទៅ​ពួកគេ​សួរនាំ​រឿង​លុយ​នេះ ពួកគេ​បាន​ឆ្លើយថា​លុយ​ចាយ​អស់ហើយ ហើយ​ព្យាយាម​គេចវេះ​មិន​ព្រម​ចូលខ្លួន​ដោះស្រាយ ទើប​ឈានដល់​ការប្ដឹង​ផ្តល់​ឡើង​តុលាការ​បែបនេះ​៕ ​ប្រែ​សម្រួលៈ ខុម​