ឃោរឃៅ​ណាស់​! ឥទ្ធិពល​គ្រឿងញៀន​ប្ដី​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម ទុក​កូន​អាយុ​១៨​ខែ​នៅ​កំព្រា​ម្នាក់ឯង​

155
ចែករម្លែក

ដោយ​: គង់​ហេង​
​ត្បូងឃ្មុំ​:
ដោយសារតែ​ឥទ្ធិពល​គ្រឿងញៀន​បុរស​អាយុ ២២ ឆ្នាំ​ម្នាក់​បានធ្វើ​សកម្មភាព​កាប់សម្លាប់​ស្ត្រី​ជា​ភរិយា​អាយុ ១៧ ឆ្នាំ​ម្នាក់​យ៉ាង​ឃោរឃៅ​បំផុត និង​បាន​បន្សល់ទុក​កូនប្រុស​តូច​ម្នាក់​អាយុ​ទើបបាន ១៨ ខែ​នៅ​កំព្រា​ម្នាក់ឯង នា​រសៀល​ថ្ងៃទី ១៤ មិថុនា ២០១៩​នេះ​។​

​ករណី​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​បានកើត​ឡើង​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទិ៍​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ គឺ​បុរស​ជា​ឃាតករ ជា​ជនសង្ស័យ​បានគេច​ខ្លួន ក្រោយពី​បានសម្លាប់​ប្រពន្ធ​របស់ខ្លួន​ឯង​ហើយ​នោះ​។​

​លោក​វរសេនីយ៍ តូ ឆៃ​លាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ត្បូងឃ្មុំ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ស្ត្រី​ជា​ជនរងគ្រោះ​ឈ្មោះ ជុំ ធា​រី អាយុ ១៧ ឆ្នាំ និង​បុរស​ជា​ប្តី ជា​ជនសង្ស័យ​ឈ្មោះ ភាព ម៉ា​យ អាយុ ២២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​លោក​មេបញ្ជាការ​បាន​ដកស្រង់​សម្តី​សាក្សី​ឲ្យ​ដឹងថា នៅមុន​មាន​អំពើ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​នេះ គឺ​ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​ទាស់ទែង​គ្នា​ឈ្លោះប្រកែក​គ្នា ពិសេស​បុរស​ជា​ប្តី​តែង​បាន​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​ជា​ប្រពន្ធ​រាប់មិនអស់​។ ដោយសារតែ​ប្តី ភាព ម៉ា​យ បាន​ប្រើប្រាស់​គ្រឿងញៀន ធ្លាប់​ធ្វើជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ឲ្យ​ក្រុមហ៊ុន ក៏​ត្រូវគេ​បណ្តេញចេញ​លែង​ឲ្យ​បើកបរ​បាន​វិល​មក​នៅផ្ទះ​នេះ​។​

​ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា ដោយ​បញ្ហា​គ្រឿងញៀន​នៅក្នុង​ខ្លួន​នេះ​បានរស់នៅ​បែក​គ្នា​មួយរយ​: ហើយ ធា​រី ជា​ភរិយា​បានសម្រេច​ចិត្ត​ទៅធ្វើជា​កម្មការិនី​នៅ​ភ្នំពេញ ប៉ុន្តែ​ទៅ​រោងចក្រ​ខាង​ក្រុមហ៊ុន​មិន​ទទួលយក​ធ្វើការ​ទេ​ព្រោះ​នាង​មាន​អាយុ​មិន​គ្រប់ ១៨​ឆ្នាំ ក៏បាន​ត្រឡប់មកផ្ទះ​វិញ​បាន​ប៉ុន្មាន​ថ្ងៃនេះ​។​

​ប្រភព​ដដែល​បាន​បន្ថែមថា ឆ្លៀតពេល​ឪពុកចិញ្ចឹម​នាង​រវល់​ទៅ​ស្រែ គឺ​ភាព ម៉ា​យ ជា​ប្តី​ដែល​កំពុង​ផឹកស្រា​នៅផ្ទះ​អ្នកជិតខាង​បាន​យក​កាំបិត​ប័ង​តោ ដេញ​កាប់​ប្រពន្ធ ជុំ ធា​រី ពីក្នុងផ្ទះ​រត់តាម​ផ្លូវ​បាន​ចម្ងាយ​ជាង​៥០​ម៉ែត្រ ក៏​បត់ជើង​លើ​សំពះអង្វរ​ប្តី​យ៉ាងណា​ក៏​ប្តី​ម្នាក់នេះ​នៅតែ​យា​កាំបិត​កាប់ រហូត​ស្លាប់ ក្នុង​ថ្លុកឈាម​លើ​ថ្នល់​ហើយ​គេចខ្លួនបាត់​។ ដោយ​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

​លោក តូ ឆៃ​លាង ត្រូវបាន​សាក្សី​នៅ​ប្រាប់​បន្តថា ជុំ ធា​រី ជា​ជនរងគ្រោះ​នាង​មាន​វាសនា អភ័ព្វ​ដូច ម្តាយបង្កើត​របស់​នាង កាលពី​ជាង​១០ ឆ្នាំមុន​កាល​នាង​ពុំទាន់​ដឹងក្តី គឺ​ត្រូវ​ឪពុក​បង្កើត​នាង​បាញ់សម្លាប់​ហើយ​ឪពុក​នោះ​ក៏បាន​ធ្វើអត្តឃាត​បាញ់សម្លាប់​ខ្លួនឯង ហើយ​នាង​ត្រូវបាន​ឪពុក​ម្តាយចិញ្ចឹម​សព្វ​យកមក​ចិញ្ចឹម​ទល់​ថ្ងៃ​ត្រូវ​ប្តី​ស្លាប់​ទៀត និង​បន្សល់ទុក​កូនប្រុស​អាយុ ១៨​ខែ​ឲ្យ​នៅ​កំព្រា​៕ ល​