ឃ្លាំង​អាវុធ​ចិន​នៅក្នុង​ជម្លោះ​ពន្ធ​ជាមួយ​អាមេរិក​កាន់តែ​ហិន​ទៅ តែ​នៅមាន​សព្វាវុធ​ផ្សេង​

2744

ចិនកាលពីថ្ងៃអង្គារទី១៨កញ្ញា បាននិយាយថាខ្លួននឹង”ចាត់វិធានការតប”ចំពោះការសំរេចចិត្តរបស់ប្រធានាធិបតីដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារបន្ថែម។

ក្រសួងពាណិជ្ជកម្មចិនមិនបានបញ្ចេញតារាងលម្អិតអំពីការឆ្លើយតបនឹងចំណាត់ការរបស់អាមេរិកទេ តែរដ្ឋាភិបាលក្រុងប៉េកាំងកាលពីមុន បានបញ្ចេញបញ្ជីទំនិញអាមេរិកតំលៃ៦០ពាន់លានដែលត្រូវវាយពន្ធសងសឹក។តែបើចិនហ៊ានវាយពន្ធសងសឹកលើអាមេរិក ប្រធានាធិបតីអាមេរិកកាលពីថ្ងៃចន្ទបានគំរាមបន្ថែមការយកពន្ធលើទំនិញចិន២៦៧ពាន់លានទៀត។

ទំនិញអាមេរិកនាំចូលចិនមានបរិមាណនិងតំលៃទាបជាងទំនិញចិននាំចូលអាមេរិកឆ្ងាយ តើចិនមានអាវុធអ្វីសំរាប់តតាំងជាមួយអាមេរិក បើពេលនេះបាញ់ជិតអស់គ្រាប់ទៅហើយ?

ត្រាំបាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងយកពន្ធ១០ភាគរយលើទំនិញចិនតំលៃ២០០ពាន់លានដុល្លារចាប់ពីថ្ងៃ២៤កញ្ញាទៅ បន្ថែមលើទំនិញដែលអាមេរិកបានយកពន្ធពិន័យរួចហើយចំនួន៥០ពាន់លាន។

អាមេរិកនាំចូលទំនិញចិនប្រមាណ៥០០ពាន់លានដុល្លារកាលពីឆ្នាំមុន។

ចិនបានយកពន្ធសងសឹកលើទំនិញអាមេរិកថ្លៃ៥០ពាន់លានដុល្លារតាំងពីមុនមក និងបានគំរាមយកពន្ធលើទំនិញ៦០ពាន់លានទៀត តែចិនកាន់តែអស់គោលដៅទំនិញដែលត្រូវវាយពន្ធសងសឹក ដោយសារតែខ្លួននាំចូលពីអាមេរិកតែ១៣០ពាន់លានកាលពីឆ្នាំមុន។

រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានអំពីការឆ្លើយតប និងថាខ្លួនមានសព្វាវុធនៅក្នុងឃ្លាំងលើសពីពន្ធ។

ទាំងនេះសុទ្ធតែអាចជាជំរើសដែលចិនអាចយកមកប្រើ៖

-វាយពន្ធសងសឹក

​ចិនបានព្រមានថាខ្លួនអាចវាយពន្ធពី៥ទៅ២៥ភាគរយលើទំនិញអាមេរិកតំលៃ៦០ពាន់លានដុល្លារ។ទំនិញដែលអាចរងការវាយពន្ធ៥ភាគរយមានចាប់ពីប្រេងរហូតដល់ស្បែកជ្រូក ខណៈកាកាវនិងស្រោមអនាម័យនឹងប្រឈមពន្ធ២៥ភាគរយ។

កាលពីខែមុន ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានលោកឡារី គូតឡូវ បានច្រានចោលការគំរាមរបស់ចិន ថា”ខ្សោយ”តែបានទទួលស្គាល់ថារដ្ឋាភិបាលក្រុងប៉េកាំង”អាចបំផ្លាញក្រុមហ៊ុនរបស់យើងនៅចិន”។

-ការលក់របស់ក្រុមហ៊ុនអាមេរិក

អាជ្ញាធរចិនអាចរកគ្រប់វិធីដើម្បីធ្វើអោយក្រុមហ៊ុនអាមេរិកពិបាក។ក្រុមហ៊ុនBoeing លក់ផលិតផលរបស់ខ្លួន១ភាគ៤ទៅអោយចិន ហើយកាសែតរដ្ឋGlobal Timesបានព្រមានថា រដ្ឋាភិបាលក្រុងប៉េកាំងអាច”កែសម្រួលបរិមាណទិញ”។

អ្នកជំនាញការខ្លះបានចង្អុលទៅកាន់ព្រឹត្តិការណ៍នាំមុខមួយ គឺក្រុមហ៊ុនLotteរបស់កូរ៉េខាងត្បូងដែលបានអនុញ្ញាតអោយអាមេរិកដាក់តាំងប្រព័ន្ធការពារកាំជ្រួចអាមេរិកនៅលើទីវាលរបស់ខ្លួនមិនស្តាប់ការតវ៉ារបស់ចិន។ទីបំផុត ហាងទំនើបរបស់ក្រុមហ៊ុននេះរាប់សិបបានបិទទ្វារនៅចិន ដោយសារបញ្ហាសុវត្ថិភាព។

ទោះជាយ៉ាងណា ចិនទំនងជាមិនវាយប្រហារបណ្តាក្រុមហ៊ុនអាមេរិកដូចជាMcDonald’s, General Motors ឬ Ford ទេ ដោយសារតែដៃគូចិនគឺរដ្ឋចិន គ្រប់គ្រងចំណែកភាគហ៊ុនធំៗគួរសមដែរ។តែចិនអាចសម្លឹងទៅរកក្រុមហ៊ុន Apple, Starbucks ឬ Nike ។

Apple បានស្ថិតក្រោមការវាយប្រហាររួចហើយនៅរដូវក្តៅនេះពីយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយដែលស៊ើបអង្កេតកម្មវិធីនិងប្រព័ន្ធiMessageរបស់វា។

-ពហិការ

ប្រព័ន្ធផ្សព្វផ្សាយចិនតាំងពីមុនមក បានអត់ធ្មត់មិនពន្យុះអារម្មណ៍ប្រឆាំងអាមេរិក ក្នុងពេលខ្លួនមានជម្លោះការទូតតិចតួចជាមួយជប៉ុននិងកូរ៉េខាងត្បូង។តែ វូ បាយយីប្រធានវិទ្យាស្ថាននៃការសិក្សាអាមេរិក បានព្រមានថា “ប្រជាជនចិនសាមញ្ញតាមដានបញ្ហាអន្តរជាតិយ៉ាងសកម្ម”។

លោកមិនដឹងថាតើសាធារណជននៅស្ងៀមបានយូរប៉ុណ្ណាទេ តែថា”បើចិន១.៣០០លាននាក់ខូចចិត្តដោយសារអាមេរិក ខ្ញុំខ្លាចថាវាជារឿងពិបាកជួសជុលខ្លាំងណាស់”។

-ការបញ្ជូនសិស្សទៅរៀនអាមេរិក

លោកវូបាននិយាយទៀតថា” ឪពុកម្តាយចិនមានទម្លាប់ចង់អោយកូនទៅរៀននៅអាមេរិក តែបើអាមេរិកនៅតែធ្វើបែបនេះ យើងអាចបញ្ជូនពួកគេទៅអង់គ្លេស អាល្លឺម៉ង់និងថែមទាំងទៅប្រេស៊ីលឬ ឥណ្ឌា”។

និស្សិតចិនប្រមាណ៣៥០.០០០នាក់បានទៅសិក្សានៅជារៀងរាល់ឆ្នាំ ជាប្រភពសំខាន់មួយនៃចំណូលសំរាប់វិទ្យាល័យអាមេរិកខ្លះ។អ្នកទេសចរចិនរាប់ម៉ឺនសែននាក់ក៏ទៅទស្សនាអាមេរិករាល់ឆ្នាំផងដែរ។

ឧទាហរណ៍ ជម្លោះជាមួយក្រុងសេអ៊ូល ក៏នាំអោយចំនួនអ្នកទេសចរចិនធ្លាក់យ៉ាងគំហុក ដោយសារអាជ្ញាធរចិនហាមឃាត់ដំណើរទេសចរណ៍ជាក្រុម។

-បំណុលនិងប្រាក់យ័ន

អ្នកវិភាគខ្លះសម្លឹងទៅកាន់បំណុលសន្ធឹកសន្ធាប់ដែលអាមេរិកជំពាក់ចិន តែការលក់ចេញមួយចំណែកណាមួយនៃប្រាក់១,២លានលានដុល្លារពីឃ្លាំងអាមេរិក វាអាចបង្កការខាតបង់បង្កឡើងដោយខ្លួនឯង។

ប្រាក់យ័នចិន ក៏ដូចគ្នាដែរ ការបញ្ចុះប្រាក់យ័នចិន អាចទូទាត់ផលប៉ះពាល់ពីការយកពន្ធរបស់អាមេរិក តែអ្នកវិភាគខ្លះថា ពួកអ្នកធ្វើគោលនយោបាយចិនមិនចង់ប្រឈមនឹងការហូរសាច់ប្រាក់ចេញពីប្រទេសទេ៕ដោយ:វាសនា

ក្រុមហ៊ុនផលិតយន្តហោះBoeingស្ថិតចំណោមបណ្តាក្រុមហ៊ុនអាមេរិកដែលចិនអាចយកជាគោលដៅសំរាប់វាយពន្ធសងសឹកក្នុងជម្លោះពាណិជ្ជកម្មជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន