ក្នុង​ខេត្តមណ្ឌលគិរី​អន​ក្ខរ​ជន​ជាង​៩​ពាន់​នាក់​តែ​បាន​ចុះឈ្មោះ​ចូលរៀន​អក្ខរកម្ម​១៣៥​នាក់​

3187
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​អន​ក្ខ​ជន​(​ជន​មិនចេះ​អក្សរ​) ដែលមាន​អាយុ​ចាប់ពី​១៥​ដល់​៤៥​ឆ្នាំ ចំនួន​៩.២៩២​នាក់​ដែល​កំពុង​រស់នៅក្នុង​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​គឺ​មានតែ​ចំនួន​១៣៥​នាក់​តែប៉ុណ្ណោះ​បាន​ចុះឈ្មោះ​ចូល​សិក្សា​អក្ខរកម្ម​។​នេះ​បើតាម​ការបញ្ជាក់​ពី​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តមណ្ឌលគិរី​ថ្លែង​ក្នុង​ទិវា​អក្ខរកម្ម​ជាតិ​អន្តរជាតិ​៨​កញ្ញា​ដែល​ប្រារព្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី​ថ្ងៃទី​១១​ខែកញ្ញា​នេះ​។​

​លោក​ឡុង​វិបុល​អភិបាលក្រុង​សែន​មនោ​រម្យ​ដែល​អញ្ជើញ​ជា​អធិបតី​រួមទាំង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ជាង​២​រយ​នាក់​បាន​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ថ្លែង​ក្នុងឱកាស​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ អន្តរជាតិ ៨​កញ្ញា ២០១៩ ដ៏​មាន​សារៈសំខាន់ និង មាន​អត្ថន័យ​ថ្លៃថ្លា​បំផុត ។​ក្នុង​គោលបំណង​លើកកម្ពស់​ការងារ​អក្ខរកម្ម​ព្រមទាំង​ជំរុញ​មនសិការ​បងប្អូន​ជនរួមជាតិ​ទាំងអស់គ្នា​ជួយ​លើកកម្ពស់​ការងារ​អក្ខរកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​កម្ពុជា និង មនុស្សជាតិ​។

​អភិបាលក្រុង​លោក​ឡុង​វិបុល​បញ្ជាក់ថា​ការ​ប្រារព្ធ​ទិវា​ឆ្នាំនេះ​ក្រោម​ប្រធានបទ​“​អក្ខរកម្ម​ផ្សាភ្ជាប់​នឹង​ជំនាញ​មុខរបរ ” ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​ឱកាស​សិក្សា​ពេញ​មួយជីវិត គ្រប់ពេលវេលា គ្រប់​ទីកន្លែង​និង​គ្រប់​មធ្យោបាយ​ប្រកបដោយ​វិជ្ជា​សម្បទា​បំ​ណិ​ន​សម្បទា​ចរិយា​ស​ម្ប​ទានិ​ង​គុណសម្បទា ក្នុងការ​រួមចំណែក​ប​ង្កើ​ន​សេដ្ឋកិច្ចជាតិ និង​សុខដុម​ជីវិត​បុគ្គល និង​សង្គម​។

​លោក​អភិបាលក្រុង​ក៏បាន​អំពាវនាវ​ដល់​មន្ទីរ​អង្គភាព​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​និង​សប្បុរសជន​នានា​ត្រូវ​បន្ត​រំលឹក​ដាស់​ស្មារតី​និង​ជួយឧបត្ថម្ភ​ក្នុងការ​ចូលរួម​គាំទ្រ​ដល់​ការងារ​អក្ខរកម្ម​បន្ថែមទៀត​។ លោក ឡុង វិបុល ក៏បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ហើយ​ក្មួយៗ ត្រូវយក​ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​មុខរបរ​គ្រប់ផ្នែក គ្រប់​វិស័យ​។​ក្នុង​ការផ្ទេរ​ចំណេះដឹង ដល់​ឪពុកម្តាយ អាណាព្យាបាល និង​មិត្តភក្តិ ឲ្យ​មានការ​យល់ដឹង ដើម្បី​ឈានទៅ​ប្រែក្លាយ​ពលករ​ដែល​ប្រើ​កម្លាំង​សុទ្ធសាធ​ទៅជា​ពលករ​ដែលមាន​ជំនាញ​សមស្រប​តាម​យុទ្ធសាស្ត្រ​កំណើន​ថ្មី​នៅ​ឆ្នាំ​២០៣០​។

​លោក​គឹម​ប៊ុនធឿន​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​បាន​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៩​ចំនួន​ប្រជាជន ជា​អន​ក្ខ​រ​ជន​អាយុ​ពី​១៥​ដល់ ៤៥​ឆ្នាំ មាន​ចំនួន ៩.២៩២​នាក់ លោក​បន្តថា​មន្ទីរអប់រំ​យុវជន​និង​កីឡា បាន​បើក​ថ្នាក់​អក្ខរកម្ម​ចំនួន​៦​ថ្នាក់​មាន​សិស្ស​ចុះឈ្មោះ​ចូលរៀន​ចំនួន​១៣៥​នាក់​។​ក្នុងនោះ​មាន​ពន្ធនាគារ​០១​ថ្នាក់​មាន​អ្នករៀន​៣០​នាក់​និង​មាន​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​បាន​បណ្តុះបណ្តាល​ជំនាញ​មុខរបរ​ចំនួន​៥​ថ្នាក់​មាន​សិស្ស​សរុប​៤៨​នាក់​លើ​ជំនាញ​ជួសជុល​ម៉ូតូ​កែ​សម្ផស្ស​និង​ជំនាញ​កុំព្យូទ័រ​ផងដែរ​៕S/