ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​ឈានដល់​ការធ្វើ​សេចក្តីព្រាង​ស្តីពី Brexit ខណៈ​ភ្នែក​មនុស្ស​គ្រប់គ្នា​សម្លឹងមើល​ការបោះឆ្នោត​របស់​សភា​អង់គ្លេស​

205
ចែករម្លែក

​បន្ទាប់ពី​ជាង ១.២០០ ថ្ងៃ​ចាប់តាំងពី​ការធ្វើប្រជាមតិ​អំពី Brexit នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន បានសម្រេច​នូវ​អ្វីដែល​គេ​គិតថា​មិនអាច​ធ្វើទៅបាន និង បាន​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​សហភាព​អឺរ៉ុប (EU)​។​

​លុយ​ផោន​បាន​ឡើងថ្លៃ​ខ្ពស់​ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក ដែល​ស្ទើរតែ​ឡើងដល់ ១,៣០ ដុល្លារ​មុនពេល​ធ្លាក់​ចុះក្រោម ១,២៩ ដុល្លារ​វិញ​។ ចាប់តាំងពី Brexit ចាប់ផ្តើម​អាប់អួ​កាលពី ៨ ថ្ងៃមុន លុយ​អង់គ្លេស​បាន​ឡើងថ្លៃ​ជិត ៦ ភាគរយ​។ លុយ​ផោន​ក៏បាន​ឡើងថ្លៃ​ផងដែរ​ធៀប​នឹង​ប្រាក់​អឺរ៉ូ​យ៉េន​និង​ដុល្លារ​សិង្ហ​បុរី ខណៈដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាច្រើន​ដែល​ពឹង​ផ្អែកទៅលើ​ទីផ្សារ បាន​ស្ទុះ​ងើបឡើង​។ ឧទាហរណ៍​ជាក់ស្តែង ធនាគារ Lloyds Bank បាន​កើនឡើង ២៤ ភាគរយ​ចាប់តាំងពី​ការធ្លាក់ចុះ​ភាគហ៊ុន​ដល់​កម្រិត​ទាប​នាពេល​ថ្មីៗ​នេះ​។​

​លុយ​ផោន​និង​ភាគហ៊ុន​បាន​ធ្លាក់ចុះ​វិញ​បន្ទាប់ពី​គណបក្ស​សហភាព​ប្រជាធិបតេយ្យ​អៀរ​ឡង់​ខាងជើង (DUP) បាន​បន្ត​បដិសេធ​មិន​គាំទ្រ​ដល់​កិច្ចព្រមព្រៀង​នេះ​។ សមាជិកសភា ១០ រូប​របស់​បក្ស DUP គឺជា​មនុស្ស​សំខាន់​ក្នុង​ការជួយ​លោ​កច​ន​សុន​ឈ្នះ​ការបោះឆ្នោត​គាំទ្រ​ដល់​កិច្ចព្រមព្រៀង Brexit នៅក្នុង​សភា​។ ទោះយ៉ាងណា ក្រុម​អ្នកគាំទ្រ Brexit គឺ​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​អឺរ៉ុប បានចង្អុលបង្ហាញ​ថា ពួកគេ​អាច​នឹង​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​ប៉ុន្តែ​ដំបូង​ពួកគេ​ត្រូវ​ពិនិត្យមើល​អត្ថបទ​នៃ​កិច្ចព្រមព្រៀង​នេះ​សិន​។​

​ការ​គំរាម​ជំទាស់​នឹង​កិច្ចព្រមព្រៀង​នេះ​ត្រូវគេ​រំពឹងថា​នឹង​កើតចេញពី​សមាជិកសភា​ភាគច្រើន​មកពី​បក្ស​ការងារ បក្ស​អ្នកប្រជាធិបតេយ្យ​សេរី បក្ស​អ្នក​ជាតិនិយម​ស្កុ​តឡែ​ន បក្ស​វែ​ល និង បក្ស​បៃតង ព្រមទាំង​ពួក​អ្នក​ឯករាជ្យ​ជាច្រើន​នាក់​ទៀត​។ ទោះយ៉ាងណា សមាជិកសភា​ទាំងអស់​ដឹងខ្លួន​ថា ប្រសិនបើ​ពួកគេ​មិន​ធ្វើតាម​ឆន្ទៈ​ភាគច្រើន​នៅក្នុង​ការធ្វើប្រជាមតិ​ឆ្នាំ ២០១៦ ទេនោះ ពួកគេ​អាច​នឹងត្រូវ​ទទួល​ទណ្ឌ​កម្ម​នៅក្នុង​ការបោះឆ្នោត​សកល​នាពេលខាងមុខ​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្ស​ង់​ក្លោដ ចាំង​ឃើ បាន​និយាយថា ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​គួរតែ​គាំទ្រ​កិច្ចព្រមព្រៀង​នេះ​។ អ្នកចរចា​របស់​សហ​ភាព​អឺរ៉ុប​លោក មី​សែ​ល បា​នៀ បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា ភាគី​ទាំងសងខាង​បាន​រកឃើញ “​ដំណោះស្រាយ​ប្រតិបត្តិ​ដោយ​ស្របច្បាប់​” ដើម្បី​ចៀសវាង​ព្រំដែន​ដ៏​លំបាក​នៅក្នុង​ប្រទេស​អៀរ​ឡង់​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ច​ន​សុន និង ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្ស​ង់​ក្លោដ ចាំង​ឃើ ចូលរួម​សន្និសីទកាសែត បន្ទាប់ពី​យល់ព្រម​លើ​សេចក្តីព្រាង​ស្តីពី Brexit ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ព្រហស្បតិ៍