ចក្រភព​អង់គ្លេស​នឹង​បញ្ជូន​នាវាចម្បាំង​ទី​បី​ទៅ​ឈូង​សមុទ្រ​ពែ​ក្ស​

262
ចែករម្លែក

​ក្រសួងការពារជាតិ​អង់គ្លេស​បានប្រកាស​កាល​ពីថ្ងៃ​អង្គារ​ទី​១៦​កក្កដា​ថា អង់គ្លេស​នឹង​បញ្ជូន​នាវាចម្បាំង​ទី​បី​របស់​កងទ័ពជើងទឹក​ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ខណៈ​ទទូចថា​វា​មិនបាន​ឆ្លុះបញ្ចាំង​ពី​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​នៅក្នុង​តំបន់​នោះទេ​។​

​ចក្រភព​អង់គ្លេស​បាន​បញ្ជូន​រួចហើយ​នូវ​នាវា​ពិឃាត​ការពារ​ដែនអាកាស​ឈ្មោះ HMS Duncan ដើម្បី​ជំនួស​វេន​នាវាចម្បាំង HMS Montrose ខណៈ​នាវា​នោះ​កំពុង​ជួសជុល​នៅ​ជិត​ប្រទេស​បា​រ៉ែ​ន ហើយនឹង​បញ្ជូន​នាវាចម្បាំង HMS Kent ទៅមួយ​ទៀតផង​ដែរ​នៅ​ចុងឆ្នាំ​នេះ​។​

​របាយការណ៍​បាន​និយាយថា នាវាចម្បាំង HMS Kent នឹងធ្វើ​ដំណើរ​ទៅដល់​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ពាក់កណ្តាល​ខែកញ្ញា​។ កាលពី​សប្តាហ៍​មុន នាវាចម្បាំង HMS Montrose បាន​ព្រមាន​ទូក​ប្រយុទ្ធ​អ៊ីរ៉ង់ ៣ គ្រឿង ដែល​ក្រុមមន្ត្រី​ចក្រភព​អង់គ្លេស​និយាយថា កំពុង​ព្យាយាម “​រារាំង​” ដំណើរ​របស់​នាវា​ដឹក​ប្រេង​យក្ស​របស់​អង់គ្លេស​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ក្រសួងការពារជាតិ​បាន​និយាយថា នាវា HMS Kent នឹង​ជំនួស​វេន​របស់​នាវា HMS Duncan ប៉ុន្តែ​បាន​បន្ថែមថា “​ការត្រួត​ស៊ីគ្នា​ម្តងម្កាល​នៃ​នាវាចម្បាំង នៅពេល​មានការ​ដាក់ពង្រាយ​នាវា​មួយ​និង​ការបញ្ចប់​នាវា​មួយទៀត​…​មិនមែនជា​រឿង​ចម្លែក​ទេ​” ដោយ​លើកឡើងថា នាវាចម្បាំង​ទាំងបី​អាច​នឹង​ស្ថិតនៅក្នុង​តំបន់​ត្រង់ចំណុច​មួយចំនួន​។​

​ក្រសួង​បាន​និយាយថា​ការដាក់​ពង្រាយ​នេះ​ត្រូវបាន​គ្រោង​ទុកជា​យូរ​មកហើយ​ដើម្បី​ធានាឱ្យមាន​វត្តមាន​ជាប់លាប់​នៅក្នុង​ផ្លូវទឹក​ដ៏​សំខាន់​និង​មិន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​វត្តមាន​នាវាចម្បាំង​របស់​អង់គ្លេស​នៅក្នុង​តំបន់​នោះទេ​៕ ដោយ៖​ កញ្ញាដាលីស

អង់គ្លេស​នឹង​បញ្ជូន​នាវា HMS Kent ទៅ​ជំនួស​នាវា HMS Duncan នៅ​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ចុងឆ្នាំ​នេះ