ចក្រភព​អង់គ្លេស​មិន​ច្រានចោល​ការដាក់ទណ្ឌកម្ម​លើ​ចិន​ជុំវិញ​បញ្ហា​ហុងកុង​

431
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក ជេ​រ៉េមី ហាន់ មិន​ច្រានចោល​ការដាក់ទណ្ឌកម្ម​លើ​ចិន​នោះឡើយ ខណៈដែល​លោក​កំពុង​រក្សា​ជម្រើស​របស់​លោក “​ឱ្យនៅ​ចំហ​” អំពី​របៀប​ដែល​ចក្រភព​អង់គ្លេស​អាចឆ្លើយតប​ទៅនឹង​ការវិវត្ត​នៅ​ហុងកុង​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន BBC កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤​កក្កដា លោក​ហាន់​ក៏​និយាយ​ម្តង​ហើយ​ម្តងទៀត​ផងដែរ​អំពី​ការព្រមាន​ដែល​គាត់​បានធ្វើ​កាលពី​ថ្ងៃ​អង្គារ ដោយ​និយាយថា​នឹងមាន​ផលវិបាក​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រំលោភបំពាន​លើ​ការប្តេជ្ញាចិត្ត​ដែល​ខ្លួន​បានធ្វើ​អំពី​សិទ្ធិ​នៅ​ហុងកុង ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ប្រគល់​ទឹកដី​ហុងកុង​។​

​លោក​បាន​និយាយថា “​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​គឺ​បញ្ជាក់​ឱ្យបាន​ច្បាស់​ថា នេះ​មិនមែនជា​អ្វីដែល​យើង​មើលឃើញ​ហើយ​បិទ​ភ្នែក​ធ្វើ​មិនឃើញ​នោះឡើយ​។ នេះ​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​ចក្រភព​អង់គ្លេស​”​។​

​ទីក្រុង​ហុងកុង​គឺជា​ដែនដី​អាណានិគម​របស់​អង់គ្លេស​រហូតដល់​ត្រូវបាន​ប្រគល់ឱ្យ​ចិន​វិញ​នៅ​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​ធានា​ឱ្យ​ដែនដី​នេះ​ទទួលបាន​សិទ្ធិ​ស្វ័យភាព​និង​សេរីភាព​ជាក់លាក់​មួយចំនួន ដែល​ពុំមាន​នៅលើ​ចិនដីគោក​នោះឡើយ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក ជេ​រ៉េមី ហាន់