ចក្រភព​អង់គ្លេស​ស្វះស្វែង​បង្កើត​កម្លាំង​ថ្មី​ដឹកនាំ​ដោយ​អឺរ៉ុប​ដើម្បី​ការពារ​នាវា​នៅ​ផ្លូវ​ដឹកជញ្ជូន​ក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​

398
ចែករម្លែក

​ចក្រភព​អង់គ្លេស​នឹង​ស្វះ​ស្វែងរក​ការដាក់បញ្ចូល​គ្នា​នូវ​បេសកកម្ម​តាម​សមុទ្រ​ដឹកនាំ​ដោយ​អឺរ៉ុប​ដើម្បី​ការពារ​នាវា​ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​នៅ​ឈូង​សមុទ្រ​ពែ​ក្ស បន្ទាប់ពី​អ៊ីរ៉ង់​បាន​រឹបអូស​យក​នាវា​ដឹក​ប្រេង​ដោត​ទង់ជាតិ​អង់គ្លេស​មួយគ្រឿង​។​

​បន្ទាប់ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​គ្រាអាសន្ន​របស់​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស លោក​ជេ​រ៉េមី ហាន់ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កក្កដា​ថា “​ការពិភាក្សា​ប្រកបដោយ​ការស្ថាបនា​” បានធ្វើ​ឡើងជា​មួយ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​រយៈពេល ៤៨ ម៉ោង​មុននេះ​។​

​លោក​ហាន់​បាន​ថ្កោលទោស​ការឃុំ​ឃាំង​នាវា​ដឹក​ប្រេង Stena Impero ដោយ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​កក្កដា​ថា​ជា “​ទង្វើ​នៃ​ចោរ​សមុទ្រ​របស់​រដ្ឋ​”​។​

​លោក​ហាន់​បាន​និយាយថា បេសកកម្ម​អឺរ៉ុប​ថ្មី​ដែល​បានស្នើ​នេះ​នឹង​ផ្តោតលើ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​តាមរយៈ​ផ្លូវទឹក​ដ៏​សំខាន់បំផុត​មួយ​របស់​ពិភពលោក ដែល​ដឹក​ប្រេង​១​ភាគ​៥​របស់​ពិភពលោក​និង​១​ភាគ​៤​នៃ​លំហូរ​ឧស្ម័ន​ធម្មជាតិ​របស់​អង់គ្លេស​។​

​អង់គ្លេស​នឹង​ស្វែងរក​ការបំពេញបន្ថែម​សំណើរ​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​ការពារ​ការដឹកជញ្ជូន​នៅក្នុង​តំបន់ ទោះយ៉ាងណា​ក៏ដោយ​អង់គ្លេស​នឹង​មិនមែនជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​ដាក់​សម្ពាធ​អតិបរិមា​” របស់​អាម៉េរិក​លើ​រដ្ឋា​ភិ​បាល​ក្រុង​តេ​ហេ​រ៉ង់​នោះទេ ព្រោះ​ចក្រភព​អង់គ្លេស​នៅតែ​បន្ត​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​សហរដ្ឋ​អាម៉េរិក​បដិសេធ​។​

​លោក​ហាន់​បាន​និយាយថា “​វា​ជាការ​លំបាក​មួយ​ដែល​យើង​ប្រកាស​ពី​ការកើនឡើង​នូវ​វត្តមាន​អន្តរជាតិ​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស ពីព្រោះ​ការផ្តោត​សំខាន់​នៃ​ការទូត​របស់​យើង​គឺ​បន្ថយ​ភាព​តានតឹង ក្នុង​ក្តី​សង្ឃឹមថា ការផ្លាស់ប្តូរ​បែបនេះ​មិនមែនជា​ការចាំបាច់​”​។​

​លោក​បាន​បន្ថែមទៀតថា “​ប្រសិនបើ​អ៊ីរ៉ង់​នៅតែ​បន្ត​ដើរ​តាមផ្លូវ​ដ៏​គ្រោះថ្នាក់​បែបនេះ ពួកគេ​ត្រូវតែ​ទទួលយក​ការខាតបង់​ចំពោះ​ការ​មាន​វត្តមាន​ច្រើនឡើង​នៃ​យោធា​របស់លោក​ខាងលិច​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​របស់​ពួកគេ មិនមែន​ដោយសារតែ​យើង​ចង់​បង្កើន​ភាព​តានតឹង​ទេ​តែ​ដោយសារតែ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​គឺជា​គោលការណ៍ ដែល​ចក្រភព​អង់គ្លេស​និង សម្ព័ន្ធមិត្ត​របស់ខ្លួន​ត្រូវតែ​ការពារ​ជានិច្ច​”​។​

​លោក​ហាន់​បាន​បញ្ជាក់ថា ក្រសួង​ដឹកជញ្ជូន​បាន​ដំឡើង​កម្រិត​សុវត្ថិភាព​សម្រាប់​ការដឹកជញ្ជូន​របស់​នា​វា​ដោត​ទង់ជាតិ​អង់គ្លេស​ដល់​កម្រិត​ខ្ពស់បំផុត គឺ​កម្រិត​ទី​៣ និង​បានផ្តល់​ការណែនាំ​កុំឱ្យ​ឆ្លងកាត់​តាម​ដែនទឹក​អ៊ីរ៉ង់​។​

​ក្រសួង​ក៏បាន​ជំរុញ​ឱ្យ​នាវា​ទាំងនោះ ដែលមាន​គម្រោង​ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស​ជូនដំណឹង​ទៅ​អាជ្ញាធរ​ចក្រភព​អង់គ្លេស​ផងដែរ ដូច្នេះ​ពួកគេ​អាច​រៀបចំ​ក្បួន​ការពារ​ការធ្វើដំណើរ​រ​បស់​នាវា​ទាំង​នោះបាន​៕ ដោយ៖ កញ្ញាដាលីស

អ៊ីរ៉ង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន