ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២

595
ចែករម្លែក

​ដោយ : ​គូលែន​/​សៀមរាប ៖ ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២​លើ​គំរោង​ផ្ទៃដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​។ ​នេះ​ជាការ​បញ្ជាក់​អោយដឹងពី​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​មជ្ឈមណ្ឌល​កំចាត់មីន​ហេ​ឡូ​ត្រាស់ ក្នុង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​។​

លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា គំរោង​ថវិកា​ជា​ជំនួយ​ចក្រភព​អង់គ្លេស​នឹង​បន្ត​ផ្តល់ជូន ជួយ​លើ​វិស័យ​កំចាត់មីន​នៅ​កម្ពុជា ក្នុងដំណាក់កាល​ទី​២ ឆ្នាំ​២០១៨​ដល់​២០២០ នូវ​ទឹកប្រាក់​ចំនួន​៧​លាន​ផោន ស្មើនឹង​ជាង ៩​លាន ៥​សែន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ។​

​លោកស្រី Tina Redshaw បាន​បន្តថា តាមរយៈ​ថវិការ​នេះ នឹង​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​បោសសំអាត​មីន នូវ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ប្រតិបត្តិ​ករ​បោសសំអាត​មីន និង​ជួយ​រំដោះ​ដី​ចេញពី​គ្រាប់មីន និង​យុ​ទ្ឋ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​បានជា​ច្រើន​ផងដែរ សំដៅ​ជួយ​ឱ្យ​សហគមន៍​មូលដ្ឋាន​មាន​សុវត្ថិភាព​និង​គ្មាន​បញ្ហា​ដោយសារ​គ្រាប់មីន ដែលជា​ចំណែក​មួយ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​ផងដែរ ។​

​លោកស្រី បញ្ជាក់​បន្ថែមថា ប្រតិបត្តិ​ករ​យើង​បើ​មានតែ​ចំណេះ​និង​ជំនាញ គឺ​មិន​គ្រប់គ្រាន់​ទេ វា​ទាមទារ​ឱ្យ​មាន​​​កិច្ចសហការ​ជិត​ស្និ​ទ្ឋ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ទើប​យើង​អាច​សម្រេចបាន​ជោគជ័យ​នូវ​សកម្មភាព​បោសសំអាត​មីន ហើយ​ក្រៅពី​ការគាំទ្រ​សកម្មភាព​បោសសំអាត​មីន កន្លងមក​យើង​ក៏​តែងតែ​ជួយ​គាំទ្រ ដល់​ការអប់រំ​បញ្ជ្រាប ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​តំបន់​ដី​នៅមាន​មីន ដែល​វា​មាន​សារៈសំខាន់​ជួយ​ដល់​ពួកគាត់ បាន​ជ្រាប​ពី​បញ្ហា​មីន អំពី​ផលប៉ះពាល់ និង​ភាព​រងគ្រោះ​ដោយសារ​មីន ជាពិសេស​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​និង​បំលាស់​ទី​ជា​ញឹកញាប់​និង​កុមារ​តូចៗ ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​បញ្ជាក់ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​នៅក្នុង​វិស័យ​សកម្មភាព​មីន ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​ការ​បោសសម្អាត​មីន ការជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ហើយ​ចក្រភព​អង់គ្លេស​នេះ គឺជា​ប្រទេស​ម្ចាស់ជំនួយ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ម្ចាស់ជំនួយ​ធំៗ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩០​មកម្ល៉េះ ខណៈដែល​ជំនួយ​របស់​ចក្រភព​អង់គ្លេស​នាពេលនេះ គឺជា​ជំនួយ​ដ៏​មាន​សារៈសំខាន់ ក្នុង​ការជំរុញ​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បំណង បោសសម្អាត​មីន​ឱ្យ​អស់ពី​ក្នុងប្រទេស​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា មកទល់​បច្ចុប្បន្ននេះ ជំនួយ​របស់​ចក្រភព​អង់គ្លេស បាន​បោសសម្អាត​ចម្ការមីន​សរុប​ចំនួន ១.៦៤៩ ចម្ការមីន ដែល​បាន​រំដោះ​ផ្ទៃដី​ច្រើនជាង ១០៧.២៣៤.៨៨០​ម៉ែត្រការ៉េ និង បាន​កំទេច​មីន និង​សំណល់​ជាតិ​ផ្ទុះ​នានា សរុប​ចំនួន ១​សែន​២​ម៉ឺន​៤២៥ គ្រាប់ ៕B