ចង់ឱ្យ​សន្លាក់ឆ្អឹង​រឹងមាំ សូមកុំ​រំលង​ចំណុច​ទាំងនេះ

399
ចែករម្លែក

​សន្លាក់ឆ្អឹង​រឹងមាំ​មាន​សុខ​ភាពល្អ គឺ​ចាំបាច់​ណាស់​សម្រាប​មនុស្ស​គ្រប់រូប​ក្នុងការ​ធ្វើ​ចលនា​ផ្សេងៗ​។ ទោះជា យ៉ាងណា​ស្ថានភាព​នៃ​សន្លាក់​ប្រែប្រួល​ទៅតាម​វ័យ ប៉ុន្តែ​ក៏មាន​គន្លឹះ​មួយចំនួន​អាចជួយ​ពង្រឹង​សន្លាក់​តាម បែប​ធម្មជាតិ​ផងដែរ​។​

១. ទទួលទាន​កាល់ស្យូម​ឱ្យបាន​គ្រប់គ្រាន់​
កាល់ស្យូម គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​ឆ្អឹង​រឹងមាំ​។ រាងកាយ​ត្រូវការ​កាល់ ស្យូម ១០០០ មី​លី​ក្រាម ក្នុង​មួយថ្ងៃ​រហូតដល់​វ័យ ៥០ ឆ្នាំ​សម្រាប់​ស្ត្រី​និង ៧០ ឆ្នាំ​សម្រាប់​បុរស ហើយ​ឈានដល់​ប្រហែល ១២០០ មី​លី​ក្រាម​នៅ​វ័យ​លើស​នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ឆ្អឹង​រឹងមាំ​។ ក្រៅពី​ថ្នាំ​គ្រាប់​ជាតិ​កាល់ស្យូម​ហើយ​នោះ ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​នៃ​កាល់ស្យូម​រួមមាន​ទឹកដោះគោ​ស្រស់ យ៉ា​អួរ បន្លែ​ស្លឹក​បៃតងចាស់ និង​គ្រាប់ អាល់​ម៉ុ​ន​ជាដើម​។​

២. ខ្លាញ់ត្រី​
ការឈឺចាប់​សន្លាក់​មិនមែន​បណ្ដាលមកពី​តែ​ការរង​របួស​ណាមួយ​នោះទេ ប៉ុន្តែ​ក៏​អាច​កើតឡើង​ដោយសារ ជំងឺ​រលាក​សន្លាក់ ឬ​ការ​រលាក​នៃ​សន្លាក់ឆ្អឹង​ផងដែរ​។ ការទទួល​ទាន​ថ្នាំ​បំបាត់​ការឈឺចាប់​គ្រប់ពេល គឺ​មិនល្អ សោះឡើយ​។ ហើយ​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ការ​រលាក គឺ​ការ​ទទួលទាន​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​ដើម្បី​បង្កើន អាស៊ីត​ខ្លាញ់​ចាំបាច់​ក្នុង​ប្រព័ន្ធ​រាងកាយ​។ រាងកាយ​ត្រូវការ​អាស៊ីត​ខ្លាញ់​ល្អ​ប្រមាណ ១២០០​មី​លី​ក្រាម​ក្នុង មួយថ្ងៃ ដូច្នេះ​ក្រៅពី​ទទួលទាន​ត្រី​សម្បូរ​ខ្លាញ់​ហើយ​នោះ​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​អាចជួយ​អ្នក​បាន​។​

៣. សម្រក​ទម្ងន់​
​អ្វីដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ពង្រឹង​សន្លាក់​? ចម្លើយ គឺ​សម្រក​ទម្ងន់​។ ប្រសិនបើ​ធាត់​ពេក​នោះ​សន្លាក់​នឹងត្រូវ ទទួលបន្ទុក ឬ​ទ្រ​ទម្ងន់​ធ្ងន់​ហួស​មិន​ខាន​។ ភាពធាត់​ជ្រុល​ដាក់​សម្ពាធ​លើ​សន្លាក់​ដែល​អាច​បណ្ដាលអោយ មានការ​ឈឺចាប់​។ ដូច្នេះ​ការ​សម្រក​ទម្ងន់​ខ្លះ​ក៏​ជួយ​កាត់បន្ថយ​បញ្ហា​ឈឺសន្លាក់​បាន​ផងដែរ​។​

៤. ចាប់ផ្ដើម​ធ្វើ​លំ​ហាត់ប្រាណ​
សន្លាក់​ក៏​ងាយ​នឹង​ឡើង​រឹង​ហើយ​ឈឺចាប់​ដែរ​ប្រសិនបើ​អ្នក​ចំណាយពេល​ច្រើនពេក​អង្គុយ ឬ​គេង​មិន​ក្រោក​ធ្វើ ចលនា​សោះ​។ ការធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ទៀងទាត់​ជា​វិធី​ដ៏​ងាយស្រួល​បំផុត​សម្រាប់​រក្សា​សុខភាព សន្លាក់​រឹងមាំ​។ ពិតណាស់​របប​អាហារ​សុខភាព​ល្អ គឺ​សំខាន់ ប៉ុន្តែ​ក៏​មិនអាច​ជួយ​អោយ​សាច់ដុំ​និង​ឆ្អឹង​រឹងមាំ ដែរ​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​។ លំ​ហាត់ប្រាណ​ថែមទាំង​ជួយ​បំបាត់​អា​ការៈឈឺ​សន្លាក់ ផងដែរ​ដោយ​វា​ជួយ​បង្កើន​ការផលិត​អ័រម៉ូន endorphin​។ ចូរ​ជ្រើសរើស​លំ​ហាត់ ប្រាណ​ដែល​សាក​សម​នឹង​វ័យ ក៏ដូចជា​សុខភាព​ទាំងមូល​របស់​អ្នក​៕ ដោយៈ​health.com.kh