ចង់​កម្ទេច​អាចម៍ផ្កាយ​ធំ គេ​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ខ្លាំង​ជាង​បរមាណូ​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ២០០ ដង​

1233
ចែករម្លែក

​អាវុធ​នុយក្លេអ៊ែរ ខ្លាំង​ជាង​គ្រាប់បែកបរមាណូ​ទម្លាក់​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ២០០ ដង នឹងត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​បញ្ឈប់​អាចម៍ផ្កាយ​ដ៏​មហន្តរាយ​មួយ ស្រដៀង​នឹង​អាចម៍ផ្កាយ​ដែល​គេ​ជឿថា​បានសម្លាប់​ដាយ​ណូ​ស័​រ​នោះ​។​

​ការលើកឡើង​នេះ​គឺ​ផ្អែក​តាម​អ្នកវិទ្យាសាស្ត្រ​កំពូលៗ ដែល​បានចេញ​ប៉ាន់​គំរូ​នៃ​ដំណើរការ​ក្នុងការ​បំផ្លាញ​អាចម៍ផ្កាយ​ប្រវែង ២០០ ម៉ែត្រ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​បាន​រកឃើញ​ដំណើរការ​នេះ តាមរយៈ​ការបង្កើត​គំរូ​អាចម៍ផ្កាយ​តូចៗ ហើយ​បន្ទាប់មក​បាន​បំផ្ទុះ​អាចម៍ផ្កាយ​ទាំងនោះ​ដោយ​ពន្លឺ​ឡាស៊ែរ​។​

​ក្រោយមក លទ្ធផល​នេះ​ត្រូវបាន​យកមក​វាស់​ស្ទង់​នូវ​កម្លាំង​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ដោះស្រាយ​ជាមួយ​ការគំរាមកំហែង​ពី​អាចម៍ផ្កាយ​ធំៗ​។​

​គំនិត​នេះ​គឺ​ចង់​បានន័យថា បើ​បំផ្ទុះ​អាចម៍ផ្កាយ វា​នឹង​ខ្ទេច​ជា​បំណែក​តូចៗ​។ ហើយ​ភាគច្រើន​នៃ​បំណែក​ទាំងនោះ អាច​នឹង​ខ្ទាត​ខុស​ផែនដី ឬ ឆេះ នៅពេល​វា​ចូលក្នុង​បរិយាកាស​ផែនដី​។​

​ដើម្បី​បំផ្លាញ​អាចម៍ផ្កាយ​ដែលមាន​ប្រវែង​ជាង ២០០ ម៉ែត្រ គេ​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ផ្តល់​ថាមពល​ស្មើនឹង TNT ៣ មេ​ហ្គា​តោន​។​

​នោះ​គឺ​ស្មើ​ប្រហែល ២០០ ដង​នៃ​កម្លាំង​គ្រាប់បែកបរមាណូ ១៥ គីឡូតោន ដែល​អាមេរិក​បាន​បំផ្ទុះ​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី ៦ ខែសីហា​ឆ្នាំ ១៩៤៥ អំឡុង​សង្គ្រាមលោកលើកទី ២​។​

​ការទម្លាក់​គ្រាប់បែក​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​បានសម្លាប់​ទាហាន ២០.០០០ នាក់ និង​ជន​ស៊ីវិល​ចន្លោះ​ពី ៧០.០០០ នាក់ ទៅ ១២៦.០០០ នាក់​៕ ដោយ៖ កញ្ញាដាលីស