ចង់​ផ្អើល​ក្រុង​! តារា​ល្បីៗ​ច្រើន​នាក់​ណាត់គ្នា​គ្រង​សម្លៀកបំពាក់​សម័យ​លង្វែក​

1914
ចែករម្លែក
  • 12
    Shares

(​ភ្នំពេញ​)៖ សមាជិក​នៃ​ក្រុម “​គ្រួសារ​តារា​កម្ពុជា​” ប្រមាណ​ជាង​៦០​នាក់ បានរៀបចំ​សម្រិត សម្រាំង​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត និង​បានបង្ហាញ​សម្លៀកបំពាក់​ខ្មែរ សម័យ​លង្វែក ដែល​ធ្វើឱ្យ​មហាជន​ដែល​ឆ្លងកាត់​និង​ភ្ញៀវ​ក្នុង​ពិធី​សម្ពោធ​ហាង​កាហ្វេ​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​ថៃ “Inthanin” នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​នេះ តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ ខាងជើង​ផ្សារ បឹង​កេងកង ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន បង្ក​បរិយាកាស​យ៉ាង​ភ្ញាក់ផ្អើល​។

​ពិធី​សម្ពោធ​ហាង​កាហ្វេ​ល្បី​មកពី​ប្រទេស​ថៃ “Inthanin” ត្រូវបាន​សង្កេតឃើញថា តារា​ល្បីៗ របស់​ប្រទេស​កម្ពុជា បានរៀបចំ​តែ​តុ​ប​តែ​ខ្លួន យ៉ាង​ស្រស់ស្អាត ជា​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ ពោលគឺ​បាន​ឆ្លុះបញ្ចាំង ពី​របៀបរបប​រស់នៅ ក្នុងសម័យ​លង្វែក​។ តារា​នីមួយៗ​បាន​សម្ដែង​នូវ ក្ដីរំភើប​រីករាយ​យ៉ាងខ្លាំង ពេលដែល​ខ្លួន​បាន​គ្រង​ឈុត​នេះ ខណៈដែល​សម្លៀកបំពាក់​ទាំងអស់ ត្រូវបាន​ផ្ដល់ជូន និង​សម្រិតសម្រាំង​យ៉ាង​ពិសេស​ពី​សាស្ត្រាចារ្យ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

​តារា​ប្រុស​ស្រី​ជាច្រើន​នាំគ្នា​សម្តែង​អារម្មណ៍​ឱ្យដឹងថា ថ្ងៃនេះ​ពួកគេ​ពិត​ជាមាន​អារម្មណ៍​ប្លែក ពេល​ខ្លួន​បាន​គ្រង​ឈុត​ក្នុងសម័យ​លង្វែក ដែលជា​ឈុត​មួយ ធ្វើ​ឲ្យ​នាង​ពេញចិត្ត​ស្ដូក​តែម្ដង​។ ទោះបី​មហាជន និង​អ្នកគាំទ្រ បាន​ស្គាល់​ពួកគេ តាមរយៈ​ការ​ស្លៀក​សិច​ស៊ី ឬ​សម្ដែង​ក្នុង ឈុត​ស្រើបស្រាល​យ៉ាង​ក្ដី​នោះ ក៏ប៉ុន្តែ​ក្នុងនាម​ជា​កូន​ខ្មែរ ឬ ជា​តារា​ខ្មែរ ក៏​មិន​ភ្លេច​ជាដាច់ខាត នូវ​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​។ ពួកគេ​ចង់​ប្រាប់​ដល់​មហាជន និង​យុវវ័យ​ជំនាន់​ក្រោយ​ថា សម្លៀក​របស់​ខ្មែរ គឺមាន​តាំងពី​យូរលង់​ណាស់​មកហើយ ពោលគឺ​មិនបាន​ចម្លង​សម្លៀកបំពាក់ ពី​ប្រទេស​ណាមួយ​ឡើយ ដូច្នេះ​សូមកុំ​មានការ​យល់ច្រឡំ​ឲ្យ​សោះ​។

​ភ្ញៀវ​ដែល​បាន​ចូលរួម​និង​អ្នក​ឆ្លងកាត់​បាន​នាំ​លាន់មាត់​ថា ស្ទើរតែ​មិន​នឹកស្មាន​ដល់​ដែល​ហាង​ថ្មី ទើបតែ​រំលេច​ឡើង ស្រាប់តែ​បង្កើត​គោល​គំនិត​ឲ្យ​តារា​ខ្មែរ និង​តារា​មកពី​ប្រទេស​ថៃ​គ្រង​ឈុត សម្លៀកបំពាក់ តាម​លំ​អាន​ប្រពៃណីជាតិ​រៀងៗ​ខ្លួន តាម​សម័យកាល​។ កម្មវិធី​ពេញ​មួយ ព្រឹក​នេះ បានធ្វើ​ឲ្យ​មហាជន​ដែល​ជិះឡាន​ម៉ូតូ​កាត់​នោះ ងាកមើល​ច្រើន​កុះករ​រិត​តែ​ញាំ​ង ឲ្យ​ទាក់ទាញ ស្របពេល​ឃើញ​មាន​តារា​ជាច្រើន​នាក់ មក​ផ្តុំគ្នា​យ៉ាង​ណែន​ពេញ​ផ្ទៃ​ហាង​។

​សូមបញ្ជាក់ថា ហាង​កាហ្វេ “Inthanin” បាន​បើក​ដំបូង កាលពី​១២​ឆ្នាំមុន ហើយ​រហូត មកដល់ពេលនេះ មាន​ចំនួន​ជាង​៥០០​សាខា នៅក្នុង​ប្រទេស​ថៃ​។ មកដល់​ថ្ងៃនេះ ក្រុមហ៊ុន Bangchak Corportion Plc និង​ក្រុមហ៊ុន Bangchak Retail បាន​ត្រៀមខ្លួន​រួចរាល់ ដើម្បី​ពាំនាំ​ម៉ាក “​អ៊ី​ន​ថៈ​នី​ន​” កាហ្វេ​ដែលមាន​គុណភាព​ខ្ពស់ របស់​ប្រទេស​ថៃ​ចូលទៅក្នុង ទីផ្សារ​ពិភពលោក ដោយ​ចាប់ផ្ដើម​ពី​ប្រទេសជិតខាង និង​មាន​អត្រា​រីកលូតលាស់​នៃ​សេដ្ឋកិច្ច ដោយមាន​គម្រោង​ពង្រីក​សាខា នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ប្រមាណ​១០០​សាខា ក្នុងពេល​ឆាប់ៗ​នេះ​៕ ដោយ​: បូ​រិ​ន