ចង់​រក្សា​ចំណង​ស្នេហ៍​បានយូរ ពេល​ឈ្លោះ​គ្នា​ត្រូវ​ជៀសឱ្យផុត​ពី​ទង្វើ​ទាំង ៧ នេះ​

324
ចែករម្លែក

​ពាក្យសម្ដី និង​សកម្មភាព​មួយចំនួន​ដែល​យើង​បាន​ជ្រុលជ្រួស​នៅពេលដែល​មិន សប្បាយចិត្ត ឬ​កំពុងមាន​ជម្លោះ គឺ​វា​ងាយ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ភាគី​មា្ខ​ង​ទៀត​បំផុត ហើយ​ភាពឈឺចាប់​ក៏​អាច​ដិតដាម​ជាប់​ក្នុង​ចិត្ត​យូរ​ថែម​ទៀតផង​។ ថា​តើ​ទង្វើ​អ្វីខ្លះ ទៅ​ដែល​អ្នក​គួរ​ជៀសវាង​នៅពេល​ឈ្លោះប្រកែក​គ្នា​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​?

១. កុំ​ទាញ​សមាជិក​ដ៏ទៃទៀត​ក្នុង​គ្រួសារ​មក​ពាក់ព័ន្ធ​​
ពិតណាស់​ជម្លោះ​ដែល​កើតឡើង គឺ​រវាង​អ្នក​ទាំងពីរ​ហើយ​មិន​ពាក់ព័ន្ធ​ជាមួយ​អ្នក ផ្សេង​ឡើយ​។ ប្រសិនបើ​អ្នក​ទាញ​ឪពុកម្តាយ​ចូលមកក្នុង​រឿងនេះ​ដែរ​គឺ​វា​អាច​នឹង​ធ្វើឱ្យ ស្ថានភាព​គ្រួសារ​កាន់ តែ​យ៉ាប់​យ៊ឺ​ន​ជាង​មុន​។ លើសពីនេះទៅទៀត​ទោះបីជា​បញ្ហា ជម្លោះ​នោះ​ត្រូវបាន​ដោះស្រាយ​រួច​ក៏ដោយ ក៏​សមាជិក​ដទៃទៀត​ក្នុង​គ្រួសារ​នៅតែ មាន​អារម្មណ៍​ដិតដាម​ចំពោះ​សកម្មភាព​នោះ ហើយ​អាច​នឹង​យក​វា​មក​វាយប្រហារ​អ្នក ឫ​ដៃគូរ​របស់​អ្នក​នៅពេល​ក្រោយ​ក៏​ថា​បាន​។​

២. ជៀសវាង​ដាច់ខាត​នូវ​ការប្រើប្រាស់​ហិង្សា​
នៅពេល​ឈ្លោះ​គ្នា ភាគី​ម្ខាង​ឬ​ទាំងសងខាង​អាច​នឹង​បញ្ចេញ​អាកប្បកិរិយា​មិន​គប្បី មួយចំនួន ដោយ​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យតែ​ខ្លួនឯង​ត្រូវ​ហើយ​ពេលខ្លះ​ឈានដល់​ការ ប្រើ​ហិង្សា​។ ដើម្បី​ជាការ​ប្រសើរ​ទោះជា​យ៉ាងណាក៏ដោយ​អ្នក​គួរ​ព្យាយាម​ទប់​អារម្មណ៍ ខ្លួនឯង ក៏ដូចជា​ដៃគូរ​កុំអោយ​ឈានដល់​ការប្រើ​ហឹ​ង្សា​។ របួស​រូបរាងកាយ​ដែល​បង្ក ឡើង​ដោយ​មនុស្ស​ដែល​អ្នក​ស្រលាញ់ គឺ​ឈឺចាប់​ខ្លាំង​បំផុត​ហើយ​អាច​នឹង​បំផ្លាញ អារម្មណ៍ល្អៗ​ទាំងឡាយ​ដែល​អ្នកមាន​ជាមួយគ្នា ឬ​ធា្ល​ប់​សាង​កន្លងមក​។​

៣. កុំ​លាយឡំ​រឿង​ដែល​មិន​ពាក់ព័ន្ធ​ចូលគ្នា​
ប្រសិនបើ​ជម្លោះ​កើតមាន​ដោយសារតែ​រឿង​បន្តិចបន្តួច​ដូចជា ត្រឹម​ការមិន​លាងចាន អ្នក​គួរ​និយាយ​គ្នា​ត្រឹម​រឿងនេះ ដោយ​មិន​ទាញ​បញ្ហា​ដែល​ហួសហើយ​ចូល​ថែម​។ អ្នក​ក៏​មិនគួរ​រំលឹក​ពី​រឿង​ដែល​ចាស់ៗ​ឥតប្រយោជន៍​ពីមុនៗ​សារ​ឡើងវិញ​ដែរ ក៏​ព្រោះ វា​អាចធ្វើឱ្យ​រឿង​តូច​ក្លាយ​ជាធំ​រញ៉េរញ៉ៃ​ភ្លាម​។ ចុងក្រោយ​ដៃគូ​របស់​អ្នក​អាច​នឹង​លើក សំនួរ​ដ៏​សម​ហេតុផល​មួយ​ថា​“​តើ​គេ​គួរតែ​បន្ត​នូវ​ទំនាក់ទំនង​ដែល​ចេះតែមាន​ការទាមទារ មិនចេះចប់​មិនចេះហើយ​នេះ​ទៀត ឫ​អត់​?” ជាមិនខាន​។​

៤. កុំ​រំលឹក​ឱ្យសោះ​ពី​រឿង​លែងលះ​
​នៅពេល​អ្នក​និយាយ​ពាក្យ​លែងលះ​កំឡុងពេល​មាន​ជម្លោះ​គឺ​វា​អាច​ក្លាយជា​សម្ដី​បញ្ឈឺ ដ៏​ខ្លាំង​បំផុត​មួយ​។ ពាក្យ​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់​ដោយ​ធ្វើឱ្យ​ប៉ះទង្គិច​ដល់​អារម្មណ៍​មនុស្ស ជាទី​ស្រឡាញ់​របស់​អ្នក​គួរអោយ​បារម្ភ និង​អាច​ឈានដល់​ការ​លែងលះគ្នា​ពិតមែន ជាមិនខាន​។ ប្រសិនបើ​អ្នក​ទាំងពីរ​ពិតជា​ស្រលាញ់គ្នា ចូរ​កុំ​និយាយ​ពី​រឿង​លែងលះ នៅពេល​មាន​កំហឹង ឬ​កំពុង​ឈ្លោះ​គ្នា​។​

៥. កុំ​ចាក​ចេញពីផ្ទះ​នៅ​ពាក់កណ្ដាល​ជម្លោះ​
ការចាក​ចេញពីផ្ទះ​នៅពេល​ជម្លោះ​មិនទាន់​ដោះស្រាយ​ចប់ គឺ​វា​ហាក់ដូចជា​បង្ហាញថា អ្នក​គ្មាន​អារម្មណ៍​កក់ក្តៅ ឬ​សប្បាយចិត្ត​អ្វី​បន្តិច​ក្នុងការ​រស់នៅ​ក្រោម​ដំបូល​តែមួយ នឹង​ដៃគូ​របស់​អ្នក​ឡើយ​។ ការ​គេច​ចេញទៅ​ក្រៅ​ទាំង​ដែល​បញ្ហា​នៃ​ជម្លោះ​មិនទាន់ បាន​ដោះស្រាយ​ចប់សព្វគ្រប់ គឺជា​សកម្មភាព​ដែល​អាច​នឹង​ធ្វើឱ្យ​ដៃគូ​គិត​ឡើងវិញ ទ្វេដង​អំពី​កម្រិត​នៃ​ភាពចាស់ទុំ​របស់​អ្នក​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​រងចាំ​រហូតដល់​អ្ន​ក ទាំងពីរ​ស្ងប់​អារម្មណ៍​ជាង​មុន​សឹម​ចាប់ផ្ដើម​ពិភាក្សា​ដោះស្រាយ​រឿង​គ្រប់យ៉ាង តាមរបៀប​មនុស្ស​ធំ ឬ​ចាស់ទុំ​។​

៦. កុំ​គេង​បែក​គ្រែ​គ្នា​
ការ​គេង​គ្រែ​ផ្សេងគ្នា​អាចជា​សញ្ញា​មួយ​បង្ហាញថា​អ្នក​មិនទាន់​ត្រៀមខ្លួន​រួច​ក្នុង​ការស្តារ ស្ថានការណ៍​ឡើងវិញ​។ ទម្លាប់​ប្រចាំថ្ងៃ ដូចជា​ការ​គេង​លើ​គ្រែ​តែមួយ​ឬ​គេង​ជិតគ្នា​ដូច ធម្មតា​នឹង​ជួយ​កែប្រែ​ស្ថានការណ៍​អោយ​ល្អ​វិញ​បាន​យ៉ាង​ឆាប់រហ័ស​។ ពិតណាស់ ដំបូង​អ្នក​អាច​នឹង​គេង​បែរខ្នង​ដាក់គ្នា ប៉ុន្តែ​នៅពេល​ក្រោក​ឡើង អ្នកនឹង​នៅក្នុង​រង្វង់​ដៃ មនុស្ស​ជាទី​ស្រលាញ់​ទាំង​មិនដឹង​ខ្លួន​ផង​ក៏​ថា​បាន ហើយ​អារម្មណ៍មិនល្អ​ដាក់គ្នា កាលពី​យប់​ក៏​អាច​នឹង​បាត់អស់​តាម​នោះដែរ​។​

៧. កុំ​ឈ្លោះ​គ្នា​នៅ​ទីសាធារណៈ​
​ប្រសិនបើ​អ្នក​ចេះតែ​បណ្តោយ​ខ្លួនឯង និង​គូស្នេហ៍​ឈ្លោះប្រកែក​គ្នា​នៅ​ទីសាធារណៈ នោះ ពិតណាស់​វា​អាចជា​សកម្មភាព​មួយ​បង្ហាញថា អ្នក​គ្មាន​ការគោរព​អោយ​តម្លៃ ចំពោះ​ដៃគូ រួមទាំង​អ្នកដទៃ​ដែល​នៅ​ជុំវិញខ្លួន​ផងដែរ​។ យក​ល្អ​អ្នក​គួរ​គប្បី​កុំ​ហែក កេរ្តិ៍​ខ្លួនឯង​ជាមួយ​ដៃគូ ឬ​បញ្ហា​គ្រួសារ​រ​នៅតាម​ទីសាធារណៈ​ឱ្យ​អ្នកផ្សេង​បានដឹង ដោយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ជម្លោះ នៅផ្ទះ​វិញ​ទើប​ប្រសើរ​ជាង​៕ ដោយៈ health.com.kh

#