ចង់​ឲ្យ​ម្រេច​កម្ពុជា​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ​បាន​លុះត្រា…

471

(​ភ្នំពេញ) : ផល​ម្រេច​កម្ពុជា​នៅ​ឆ្នាំ ២០១៧​នេះ កំពុងស្ថិត​ក្នុង​លំដាប់​អត់​ទីផ្សារ​នាំចេញ​តម្លៃ​ចុះថោក ដាំ​ក្បាល​ចុះ អ្នក​ដាំ​ម្រេច​ជំពាក់​ប្រាក់​ធនាគារ​ហិរញ្ញវត្ថុ​វ័ណ្ឌកស្ទើរ​រត់ចោលស្រុក ដូច​ផលដំណាំ​កសិកម្ម ដទៃៗ​ទៀត​មាន​វាសនា​អាក្រក់​អត់​ទីផ្សារ​ដូចៗ​គ្នា ។​
​ ​
លោក យ៉ង សាំង​កុមារ អតីត​នាយក​អង្គការ​សេ​ដាក បានផ្តល់​អនុសាសន៍​នៅក្នុង​Facebook របស់ គាត់​កាលពីពេល​ថ្មីៗ​នេះ​ថាមូលហេតុ​នៃ​ការធ្លាក់ចុះ​តម្លៃ​ម្រេច​គឺ ទី​១ បណ្តាលមកពី​ការកើនឡើង​នូវ​ម​រិ​មាណ ម្រេច​នៃ​ការផ្គត់ផ្គង់​ដូចជា​ម្រេច នៅ​វៀតណាម ផល​ម្រេច​មានការ​កើន​ប្រមាណ​២​សែន​តោន​ហើយ​។ នៅកម្ពុជា​ តាម​តួលេខ​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ បរិមាណ​ម្រេច​កើន​ប្រមាណ ២​ម៉ឺន​តោន​។ ទីផ្សារ​នៅ​អាមេរិកនិង​នៅ​សហគមន៍​អឺរ៉ុប គេ​ចាប់ផ្តើម​រឹតបន្តឹង​ទៅលើ​គុណភាព​ម្រេច​នាំចូល​។ នៅEU គេមិន​ឲ្យ​ម្រេច​មានប្រើ​ថ្នាំពុល (​ថ្នាំ​ការពារ​កុំ​ឲ្យ​ផ្សិត​លើ​ផ្លែ​ម្រេច​) ឲ្យ​ស្ថិតនៅ​ស្រាល​បំផុត (០,០៥ P.M) ទើបគេ​ទទួលយកបាន ។​

​លោក កុមារ បាន​ប្រាប់ថា : ម្រេច​វៀតណាម​ប្រឹងប្រែង​ដោះស្រាយ​រឿងនេះ​បាន​លឿន ដើម្បី​ឲ្យម្រេច​គេ​បាន​ចូល​ទីផ្សារ​អឺរ៉ុប​ឲ្យ​បាន​រហ័ស​។ ចំណែក​ម្រេច​ខ្មែរ​យើង​វិញ ហាក់ដូច​ជាមាន​ភាពយឺត​យ៉ាវ ក្នុងការដោះស្រាយ​បញ្ហា​នេះ​។ ម្យ៉ាង​ម្រេច​ខ្មែរ​ស្ទើរតែ​ទាំងអស់​បាន​ពឹង​តែ​ទៅលើ​ទីផ្សារ​វៀតណាម​ក្នុង​ការនាំចេញ​។ យើង​មិនគួរ​ទុក​ស្ថានភាព​បែបនេះ​ឲ្យ​នៅ​យូរ​តទៅទៀត​ទេ​។ ពិសេស​រដ្ឋាភិបាល​គួរតែ​លូកដៃដើម្បី ជួយ​អន្តរាគមន៍​ទៅលើ​វិស័យ​ម្រេច​នេះ ពីព្រោះ​កសិករ ក្រុមហ៊ុន​ឯកជន​បាន​វិនិយោគទុន​រាប់លាន​ដុល្លា ពង្រីក​ផ្ទៃដី​រាប់ពាន់​ហិកតា ធ្វើ​ឲ្យ​វិស័យនេះ​បង្កើត​ការងារ​បាន​ច្រើន និង​វិស័យនេះ​ទាក់ទង​ទៅនឹង​សេដ្ឋកិច្ចជាតិ​ទៀតផង ។​

​លោក កុមារ បាន​ណែនាំ​ឲ្យ​អ្នក​ដាំ​ម្រេច​ទាំងឡាយ គួរ​បញ្ឈប់​ប្រើ​ថ្នាំ​គីមី​ទាំងឡាយ​ទៅលើ​ដំណាំម្រេច ត្រូវ​ដាំ​ម្រេច​ឲ្យ​ទៅជា​ដំណាំ​សរីរាង្គ​វិញ​។ ត្រូវធ្វើ​កន្លែង​កែច្នៃ​ម្រេច​ក្នុងប្រទេស​ដើម្បី​វេច​ខ្ចប់ និង​សំរិតសំរាំង​រើសយក​ម្រេច​មានគុណ​ភាពសំរាប់​នាំចេញ​។ ត្រូវ​រើស​ក្រុមហ៊ុន​ឲ្យ​ចេះ​រក​ទីផ្សារ​ត្រង់​ទៅ​សហគមន៍ អឺរ៉ុប ឬ​ទៅ​ទីផ្សារ​បរទេស​តែម្តង ដោយ​មិនបាច់​ពឹង​ទីផ្សារ​វៀតណាម​ច្រើនពេក​ទេ​។ កម្ពុជា​មានប្រៀប​ជាង វៀតណាម​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយសារ​កម្ពុជា​គេ​អត់​យកពន្ធ​ម្រេច ដូច​ម្រេច​វៀតណាម​ទេ​។ ត្រូវ​បង្កើន​ទុន​ជា​ប្រាក់កម្ចី​ដោយមាន​ការប្រាក់​ទាប មាន​រយៈពេល​វែង​ជូនទៅ​អ្នក​ដាំ​ម្រេច ក៏​ដូច​ក្រុមហ៊ុន​ពាក់ព័ន្ធ ដើម្បី​ឲ្យ​អ្នក​ម្រេច​មាន​ក្តីសង្ឃឹម​ឡើងវិញ និង​ធ្វើ​យ៉ាងម៉េច​ឲ្យ​ម្រេច​យើង​មាន​គុណភាព​សំរាប់​ប្រកួតប្រជែង នៅលើ​ទីផ្សារ​អន្តរជាតិ ។​

​លោក ខាន់ សំបាន មន្ត្រី​ទទួលបន្ទុក​ដំណាំ​ឧស្សាហកម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ប្រាប់​ឲ្យ ដឹងថា ឆ្នាំ ២០១៧ នេះ បរិមាណ​ផល​ម្រេច​បាន​កើន​ខ្ពស់​លើសពី​ការផ្គត់ផ្គង់​ទីផ្សារ​។ មិនថាតែ​កម្ពុជា​ទេ ដែល​ដាំ​ម្រេច​បាន​ច្រើន ប្រទេស​នានា​លើ​ពិភពលោក​ក៏បាន​ទទួលផល​ម្រេច​ច្រើន​លើសពី​ការផ្គត់ផ្គង់​ដែរ​។ ថ្លៃ​ម្រេច​លើ​ទីផ្សារ​កាលពី ២​ទៅ​៣​ឆ្នាំមុន ថ្លៃ​៤​ម៉ឺន​រៀល ក្នុង​មួយ​គីឡូ​។ តែ​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​មក​ត្រឹម ១៥០០​រៀល​ក្នុង​មួយ​គីឡូ ៕ ​ដោយ ៖មូល សម្បត្តិ​